វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Robert O’Brien បានឲ្យដឹង កាលពីថ្ងៃអង្គារម្សិលមិញនេះថា សហរដ្ឋអាមេរិក សន្មត់ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អនៅឡើយ ដោយផ្អែកលើរូបថត ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានលោក Robert O’Brien បានបដិសេធមិននិយាយ ថាតើរូបថតទាំងនោះ ត្រូវបានផ្ទៀងផ្ទាត់ សម្រាប់ភាពត្រឹមត្រូវនោះទេ។
ដោយសំដៅទៅលើរូបភាព របស់លោកគីម នៅក្នុងពិធីមួយ នៅថ្ងៃទី០១ ខែឧសភា លោកបានលើកឡើងថា “លោកហាក់ដូចជា កំពុងកាត់ខ្សែបូរ នៅលើរោងចក្រជីមួយកន្លែង ដូច្នេះអ្នកដឹងទេ ការគិតរបស់យើង គឺថាលោកប្រហែលជាធ្វើបានល្អ” ៕ ដោយ៖ ឈូក បូរ៉ា