បរទេស៖ សមាជិកព្រឹទ្ធសភាចំនួន ៩ រូប បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ច្បាប់ត្រូវបានណែនាំនៅក្នុងសភា ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី ដូ ណាល់ត្រាំ ដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង ខកខានមិនបានសហការ និងផ្តល់នូវគណនេយ្យពេញលេញ នៃព្រឹត្តិការណ៍ដែលឈានដល់ ការផ្ទុះឡើងនៃ COVID-១៩ នោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយគ្មានការបញ្ជាក់ប្រធានាធិបតី នឹងត្រូវបានអនុញ្ញាតឱ្យដាក់ទណ្ឌកម្ម ជាច្រើនដូចជាការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ ការដកហូតទិដ្ឋាការ ការរឹតត្បិតស្ថាប័នហិរញ្ញវត្ថុរបស់ សហរដ្ឋអាមេរិកមិនឱ្យផ្តល់ប្រាក់កម្ចី ឬការធានារ៉ាប់រងលើអាជីវកម្មចិន និងហាមឃាត់ក្រុមហ៊ុនចិន មិនឱ្យចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក។ នេះបើតាមការលើកឡើងពី ក្រុមសមាជិកព្រឹទ្ធសភា Lindsey Graham, Thom Tillis, Cindy Hyde-Smith, Mike Braun, Rick Scott, Steve Daines, Todd Young, Jim Inhofe និង Roger Wicker កាលពីថ្ងៃអង្គារ។
សមាជិកព្រឹទ្ធសភាបានបន្ថែមទៀតថា វិធានការនេះតម្រូវឱ្យប្រធានាធិបតីអាមេរិក ផ្តល់ការបញ្ជាក់ដល់សភាក្នុងរយៈពេល ៦០ ថ្ងៃ ដែលប្រទេសចិនបានចែករំលែក គណនេយ្យពេញលេញ ចំពោះការស៊ើបអង្កេតដែល ទាក់ទងទៅនឹងមេរោគកូវីដ១៩ ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់ខ្លួន ឬទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមទាំង អង្គការសុខភាពពិភពលោក។
សេចក្តីថ្លែងការណ៍បាននិយាយថា សេតវិមានគួរតែជូនដំណឹងដល់ សមាជិកសភាអាមេរិកផងដែរ ប្រសិនបើប្រទេសចិនបាន បិទទីផ្សារគ្រឿងសមុទ្រ ដែលអាចបង្កហានិភ័យដល់មនុស្ស និងដោះលែងអ្នកតស៊ូមតិគាំទ្រ លទ្ធិប្រជាធិបតេយ្យហុងកុងទាំងអស់ ដែលត្រូវបានចាប់ខ្លួននៅក្នុង ការបង្ក្រាបក្រោយកូវីដ -១៩ ៕
ប្រែសម្រួលៈ ណៃតុលា