ព័ត៌មានអន្តរជាតិ

ចិនព្រមានបារាំង មិនឲ្យលក់អាវុធឲ្យកោះតៃវ៉ាន់

បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសបារាំង មិនឲ្យលក់អាវុធ ឲ្យទៅកោះតៃវ៉ាន់ ដែលគ្រោងទិញអាវុធ ដែលជាផ្នែកនៃការធ្វើទំនើបកម្ម ចំពោះកងនាវាចម្បាំង ដែលបារាំងបានផលិត និងលក់ឲ្យកាលពី៣០ឆ្នាំមុន។

ប្រទេសចិនបាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយ នៃគោលនយោបាយ “ចិនតែមួយ” ហើយថា គោលការណ៍នេះ ត្រូវតែទទួលយក ដោយប្រទេសណាមួយ ដែលមានចំណងមិត្តភាពការទូត ជាមួយប្រទេសចិន។ ការលក់អាវុធឲ្យកោះតៃវ៉ាន់ តែងតែជារឿងរសើបខ្លាំង និងជាប្រក្រតីបង្ក ឲ្យមានប្រតិកម្មខ្លាំងក្លា ពីទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ភាគច្រើន គឺបំពាក់ប្រើប្រាស់ អាវុធផលិតដោយសហរដ្ឋអាមេរិក ប៉ុន្តែនៅក្នុងឆ្នាំ១៩៩១ បារាំងបានលក់នាវាចម្បាំង Lafayette ចំនួន៦គ្រឿង បង្កឲ្យចិនខឹងជាខ្លាំង ហើយក្រៅពីនោះ ប្រទេសបារាំង ក៏បានលក់យន្តហោះចម្បាំង Mirage ចំនួន៦០គ្រឿងឲ្យតៃវ៉ាន់ នៅក្នុងឆ្នាំ១៩៩២ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top