បរទេស៖ យន្តហោះទម្លាក់គ្រាប់អាមេរិក B-1B Lancer ចំនួនពីរគ្រឿង បានហោះហើរនៅពីលើទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នាព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ជាផ្នែកមួយដែលកងកម្លាំងទ័ពអាកាសហៅថា ជាបេសកកម្មកងកម្លាំងការងារ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នៅតំបន់ប្រតិបត្តិការអឺរ៉ុប។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកងទ័ពអាកាសអាមេរិក យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិកទាំងពីរគ្រឿងនោះ បានរួមគ្នាជាមួយយន្តហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាកនិងប៉ូឡូញ ក៏ដូចជាជាមួយយន្តហោះចម្បាំង MiG-29s របស់ប៉ូឡូញផងដែរ ហោះហើររួមគ្នានៅពី លើទីក្រុងវ៉ារស្សាវ៉ា ប្រទេសឡាវីនិងលីទុយអានី។
កងទ័ពអាកាសបានកត់សម្គាល់ឃើញថា សមយុទ្ធបានបន្ត ស្របពេលដែលកងទ័ពអាកាសប្តេជ្ញា ចំពោះបេសកកម្មរបស់ខ្លួន នៅក្នុងគ្រប់តំបន់ គឺនៅដែនអាកាស សមុទ្រ លើគោក ក្នុងលំហ និងលើអ៊ីនធឺណេត និងប្តេជ្ញាចំពោះការត្រៀមលក្ខណៈឲ្យរួចរាល់ជាស្រេចរបស់ សម្ពន្ធមិត្តនិងដៃគូនានា បើទោះជាមានការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ ប៉ាង កុង