ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបដិសេធ និងច្រានចោលព័ត៌មាន ដែលបានចុះផ្សាយថា រយៈពេល២សប្ដាហ៍ នគរបាលចរាចរណ៍ ពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានជាង៤២ម៉ឺនដុល្លារ។
សូជម្រាបថា រាជរដ្ឋាភិបាលបានកំណត់ថា ថវិកាដែលបានមកពីការពិន័យ អំពើល្មើសច្បាប់ចរាចរណ៍ ៧០ភាគរយ ត្រូវបានផ្ដល់ជូននគរបាល ដែលជាមន្ដ្រីអនុវត្តច្បាប់, ២៥ភាគរយ ប្រគល់ជូនអង្គភាពអនុវត្តច្បាប់ និង៥ភាគរយ ប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមការចេញផ្សាយ របស់អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានអះអាងថា តួលេខដែលគេកំពុងចែកចាយ តាមបណ្ដាញសង្គមនោះ គឺជាតួលេខប៉ាន់ស្មានតែប៉ុណ្ណោះ ខណៈចំនួនជាក់ស្ដែង អគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់គណនានៅឡើយទេ ដោយហេតុថា អ្នកល្មើសខ្លះមិនទាន់ មកបង់ប្រាក់ផាកពិន័យនៅឡើយ ដូច្នេះមិនទាន់អាចនិយាយបានថា បានចំនួនប៉ុន្មាននោះទេ។
លោកមានប្រសាសន៍ថា «តួលេខដែលបានចែកចាយនោះ គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុង។ ហើយតួលេខពិតប្រាកដប៉ុន្មាននោះ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះមិនអាចនិយាយបានឡើយ ព្រោះអ្នកត្រូវពិន័យខ្លះ មិនទាន់មកប្រាក់នៅឡើយទេ»៕ ដោយ ៖ អេង ប៊ូឆេង