គែរ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី ជាប្រទេសមួយដែលរង គ្រោះធ្ងន់ធ្ងរជាងគេ ដោយសារវីរុសកូរ៉ូណា នៅឯមជ្ឈិមបូព៌ា ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺជាង ១៤៦.០០០នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ីរ៉ង់វិញ មានអ្នកឆ្លងជំងឺ លើសពី១១៦.០០០នាក់ ។
កាលពីថ្ងៃសុក្រ ប្រទេសតួកគី ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១.៧០៨នាក់ និងមានអ្នកស្លាប់បន្ថែម ចំនួន៥៥នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប កើនឡើងដល់ ១៤៦.៤៥៧នាក់ និងអ្នកស្លាប់ កើនដល់៤.០៥៥នាក់ ។
អ៊ីរ៉ង់ វិញ គិតត្រឹមថ្ងៃសុក្រ ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២.១០២នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យអ្នកឆ្លង ជំងឺសរុប ដល់១១៦.៦៣៥នាក់ ។
ប្រទេសសាធារណរដ្ឋឥស្លាមមួយនេះ ក៏ត្រូវបានគេចុះក្នុងបញ្ជីនៃអ្នកស្លាប់ថ្មីទៀត ចំនួន៤៨នាក់ ដែលនាំឲ្យអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩កើនឡើង ដល់៦.៩០២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា