ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ៖ ការដកទ័ពអាមេរិក ពីអាហ្វហ្គានីស្ថាន នៅតែកំពុងបន្ត

បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថថា សហរដ្ឋអាមេរិក កំពុងតែបន្តធ្វើការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេស អាហ្វហ្គានីស្ថាន ហើយត្រូវបានគេរំពឹងថា នឹងបំពេញទៅតាម រយៈកាលកំណត់ ដែលបានព្រមព្រៀងគ្នា ជាមួយពួកតាលីបង់ កាលពីដើមឆ្នាំនេះ។

នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍យ៉ាងដូច្នេះថា “នោះនៅតែកំពុងតែប្រព្រឹត្តទៅ យើងរំពឹងថា នឹងសម្រេចបានរឿងនោះ នៅក្នុងរយៈកាលកំណត់ ដែលបានធ្វើឡើង ក្រោមកិច្ចព្រមព្រៀង ជាមួយពួកតាលីបង់”។

យោងតាមសេចក្តីរាយការណ៍ ពីកាសែត Yahoo News ការថ្លែងបែបនេះរបស់លោក Jonathan Hoffman គឺត្រូវបានធ្វើឡើង ក្រោយមានការវាយប្រហារ បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួនពីរលើក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាសប្ដាហ៍នេះ ប៉ុន្តែការវាយប្រហារទាំងនោះ ត្រូវបានគេជឿថា ជាទង្វើ របស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម៕
ប្រែសម្រួល៖ប៉ាង កុង

To Top