ព័ត៌មានអន្តរជាតិ

ប្រេសិតប៉ាគីស្ថាន ៖ ឥណ្ឌាគួរតែនិយាយ ជាមួយពួកតាលីបង់ ប្រសិនបើទីក្រុងញូដេលី មានអារម្មណ៍ថា វានឹងជំរុញ បង្កើនសន្តិភាព

បរទេស ៖ ក្រោយមានការវាយប្រហារ ជាបន្តបន្ទាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង្កឲ្យមានចម្ងល់ថា តើកិច្ចប្រឹងប្រែងសន្តិភាព របស់សហរដ្ឋអាមេរិក អាចនឹងត្រូវបរាជ័យនោះ ប្រេសិតរបស់ប្រទេសប៉ាគីស្ថាន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសឥណ្ឌាគួរតែនិយាយ ជាមួយពួកសកម្ម ប្រយុទ្ធតាលីបង់ ប្រសិនបើវាមានអារម្មណ៍ថា វានឹងជួយដល់ដំណើរការសន្តិភាព ។

នៅពេលត្រូវគេសួរថា លោកបើកចំហឲ្យមានកិច្ចពិភាក្សាគ្នា រវាងឥណ្ឌា និងពួកតាលីបង់ ដែរឬទេនោះ លោក Asad Khan ជាឯកអគ្គរដ្ឋទូត របស់ប្រទេសប៉ាគីស្ថាន ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា “ប្រសិនបើឥណ្ឌា មានអារម្មណ៍ថា ការជួបគ្នារបស់ពួកគេ នឹងជួយដល់ដំណើរការសន្តិភាពនោះ យើងនឹងងាកទៅរកការវិនិច្ឆ័យរបស់ពួកគេ ប៉ុន្តែវាមិនមែនសម្រាប់ឲ្យយើងអង្គុយនៅក្នុងការវិនិច្ឆ័យ ចំពោះអ្វីដែលពួកគេគួរតែធ្វើ ឬក៏ពួកគេមិនគួរធ្វើនោះទេ”។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតឥណ្ឌា The Hindu តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បាននិយាយថា ខ្លួននឹងអបអរសាទរ ចំពោះការជួបពិភាក្សាគ្នារវាងឥណ្ឌានិងពួកតាលីបង់៕
ប្រែសម្រួល៖ប៉ាង កុង

To Top