ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ហ៊ានប្រកាស ផ្តល់លុយ ៨លានដុល្លារ ចំពោះ នរណាដែលសម្លាប់ ប្រធានាធិបតី ឌូទ័រតេ ត្រូវប៉ូលីស ចាប់ខ្លួន

បរទេស៖ ការចាប់ខ្លួននេះធ្វើឡើងរយៈពេលជាងមួយខែ បន្ទាប់ពីប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានគំរាមបង្ក្រាបទៅលើប្រជាជនហ្វីលីពីន ដែលបានរំលោភលើការរឹតត្បិតដែលបានកំណត់ដោយរដ្ឋាភិបាលលើចលនា និងការប្រមូលផ្តុំដ៏ធំ ដែលបានណែនាំទាក់ទងនឹងការផ្ទុះឡើងនៃមេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសហ្វីលីពីនបានឃាត់ខ្លួនបុរសម្នាក់ពីបទចេញសេចក្តីគំរាមសម្លាប់តាមអ៊ិនធរណេត ទៅលើប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅក្នុងអ្វីដែលបានក្លាយជាការចាប់ខ្លួនចុងក្រោយ នៅក្នុងការចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។

ភ្លាមៗមុនពេលការឃាត់ខ្លួន កាលពីថ្ងៃអង្គារបុរសម្នាក់ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា « ទឹកប្រាក់ចំនួន ២០០ លានប៉េសូហ្វីលីពីន (៨,៧ លានដុល្លារ) ដល់ជនណាដែលសម្លាប់លោក ឌូទ័រតេ, យកក្បាលគាត់មកឱ្យខ្ញុំមកទីនេះ នៅក្នុងភូមិរបស់ខ្ញុំ»។

សូមជម្រាបថា កាលពីសប្តាហ៍មុន ប៉ូលីសនៅខេត្តភាគខាងត្បូងនៃខេត្តសេប៊ូ បានឃុំឃាំងឈ្មោះ Maria Ceron អាយុ ២៦ ឆ្នាំពីបទសន្យាផ្តល់ប្រាក់ ៧៥ លានប៉េសូ (១,៤ លានដុល្លារ) ដល់នរណាម្នាក់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ប្រធានាធិបតីហ្វីលីពីន៕ប្រែសម្រួលៈ ណៃ តុលា

To Top