ព័ត៌មានអន្តរជាតិ

អាមេរិកបិទ ការធ្វើដំណើរ ពីប្រទេសប្រេស៊ីល

បរទេស៖សេតវិមាន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងដាក់បម្រាមមិនឲ្យពលរដ្ឋមិនមែនជាជនជាតិអាមេរិកជាច្រើន ធ្វើដំណើរពីប្រេស៊ីលមកកាន់ សហរដ្ឋអាមេរិកនោះទេ ប្រសិនបើពួកគេបាននៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ ក្រោយពីរថ្ងៃបន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងនេះ បានឡើងដល់ចំណាត់ថ្នាក់លេខ២ លើពិភពលោក សម្រាប់ការរាតត្បាតឆ្លងមេរោគកូរ៉ូណា។

លោក Kayleigh McEnany ជាលេខាធិការទទួលបន្ទុកផ្នែកព័ត៌មាន របស់សេតវិមាន បានមានប្រសាសន៍ថា បម្រាមថ្មីនេះ នឹងជួយធានាបានថា ជនបរទេសនឹងមិននាំយកការឆ្លងបន្ថែមទៀត មកឲ្យសហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនអនុវត្តចំពោះ ដំណើរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនោះទេ។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល នៅថ្ងៃសុក្រកន្លងទៅថ្មីៗនេះ បានជែងដាក់ប្រទេសរុស៊្សី ក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក សម្រាប់ករណីឆ្លងមេរោគកូរ៉ូណា បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាប់ចំណាត់ថ្នាក់លេខ១ ហើយក្រសួងសុខាភិបាលនៃប្រទេសនេះ បាននិយាយថា ក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាង៣៤៧.០០០នាក់បានឆ្លងមេរោគកូវីដ១៩៕
ប្រែសម្រួល៖ប៉ាង កុង

To Top