ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវជាថ្មីម្ដងទៀត ឲ្យកូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien បានអំពាវនាវជាថ្មីម្តងទៀតឲ្យ កូរ៉េខាងជើង បោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើខ្លួនចង់មាន“ សេដ្ឋកិច្ចដ៏អស្ចារ្យ” បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំគណបក្សដ៏សំខាន់មួយ ដើម្បីពិភាក្សាពង្រឹង ការទប់ស្កាត់នុយក្លេអ៊ែរ ។

ទីភ្នាក់ងារសារព័ត៌មាន កណ្តាលផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង របស់លោកក្នុងរយៈពេលប្រហែល ៣ សប្តាហ៍លោកគីម បានធ្វើជាអធិបតីក្នុងសម័យប្រជុំ នៃគណៈកម្មាធិការយោធាមជ្ឈិម របស់គណបក្សពលករ ដើម្បីពិភាក្សាអំពី“ គោលនយោបាយថ្មី សម្រាប់ការបង្កើន ការទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀត” ។

ការលើកឡើងជាលើកដំបូង របស់កូរ៉េខាងជើងអំពី“ ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ” ចាប់តាំងពីដើមឆ្នាំ២០១៨ បានកើតឡើងចំពេល ដែលភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ហើយការតស៊ូរបស់ខ្លួន ដើម្បីកែលំអសេដ្ឋកិច្ច របស់ខ្លួនត្រូវបានរាំងស្ទះ ដោយទណ្ឌកម្មពិភពលោក និងការធ្លាក់ចុះពាណិជ្ជកម្ម ជាមួយប្រទេសចិន ៕
ដោយ ឈូក បូរ៉ា

To Top