ព័ត៌មានអន្តរជាតិ

រលកថ្មីនៃបាតុកម្មហិង្សា បន្ដវាយប្រហារហុងកុង

ហុងកុង៖ ប៉ូលីសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើបាតុករជាច្រើនរយនាក់ ដែលបានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងផែនការ របស់ប្រទេសចិន ដើម្បីអនុវត្តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសមួយ នៅលើទឹកដី អតីតចក្រភពអង់គ្លេស។

ការតវ៉ាដែលគ្មានការអនុញ្ញាត នៅក្នុងសង្កាត់ Causeway Bay គឺជាការប្រមូលផ្តុំដ៏ធំបំផុតមួយ នៅក្នុងទីក្រុងហុងកុង ចាប់តាំងពីការរីករាលដាល នៃជំងឺរាតត្បាតសកល (COVID-19) បានចាប់ផ្តើម កាលពីចុងឆ្នាំកន្លងទៅ។

ប៉ូលីសបានឲ្យដឹង នៅលើបណ្តាញសង្គមថា ក្រុមបាតុករបានកាន់កាប់ផ្លូវថ្នល់ និងស្ទះចរាចរណ៍ នៅម៉ោងប្រហែល ១ រសៀល ហើយបានគប់ឆ័ត្រ និងដបជ័រដាក់ប៉ូលីស ដែលធ្វេីឲ្យប៉ូលីសប្រឆាំងកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជាច្រើនជុំដើម្បី“ បញ្ឈប់អំពើហិង្សា របស់ក្រុមកុបកម្ម” ។

ប្រភពបានបន្ថែមទៀតថា ឥដ្ឋដែលជីកពីចិញ្ចើមផ្លូវ ត្រូវបានរាយប៉ាយនៅលើផ្លូវ ហើយរន្ទាត្រូវបានបញ្ជា ឱ្យបង្កើតជារបាំងបណ្តោះអាសន្ន ដែលខ្លះត្រូវបានដុត។ លើសពីនេះ ភ្លើងចរាចរណ៍មួយចំនួន ត្រូវបានខូចខាត ប៉ុន្ដែមិនមានសេចក្ដីរាយការណ៍ ការរងរបួសនៅឡើយទេ៕ ដោយ៖ ឈូក បូរ៉ា

To Top