ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ប្តេជ្ញាផ្តល់ជំនួយចាំបាច់ ដល់ពលរដ្ឋហុងកុង

បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នាពេលថ្មីៗនេះ បានសន្យាផ្តល់ជំនួយចាំបាច់ ដល់ប្រជាជននៃទីក្រុងហុងកុង ក្រោយមានការតវ៉ាផ្ទុះកើនកម្តៅជាថ្មី នៅក្នុងតំបន់ ពាក់កណ្ដាលស្វយ័តនេះ កាលពីចុងសប្ដាហ៍ ប្រឆាំងនឹងសកម្មភាពទីក្រុងប៉េកាំង ដែលអនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស់។

នៅលើគេហទំព័រហ្វែសប៊ុក របស់លោកស្រី កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា ប្រជាជននៃកោះតៃវ៉ាន់ ឈរនៅជាមួយពលរដ្ឋហុងកុង ក្នុងការតស៊ូពុះពារ ប្រឆាំងការផ្តួចផ្តើម បង្កើតច្បាប់សន្តិសុខថ្មី របស់ប្រទេសចិន។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រទេសចិន បានប្រកាសថា ខ្លួនកំពុងតែគ្រោងអនុម័តច្បាប់ ដែលនឹងដាក់ទោសឧក្រិដ្ឋ ចំពោះទង្វើក្បត់ជាតិ ការបំបែកបំបាក់ ការនាំបះបោរ និងវិទ្ធង្សនា ប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងអនុញ្ញាតឲ្យ កងកម្លាំងសន្តិសុខរដ្ឋាភិបាលកណ្ដាល បំពេញភារកិច្ចសន្តិសុខជាតិ នៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top