ប៉េកាំង៖ ប្រទេសចិន កាលបានច្រានចោលការគំរាម របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្ម លើផែនការរបស់ខ្លួន ក្នុងការធ្វើច្បាប់នៅហុងកុង នូវច្បាប់សន្តិសុខជាតិមួយ ដែលក្រុមអ្នករិះគន់និយាយថា អាចបង្កអន្តរាយដល់ស្ថានភាព មជ្ឈមណ្ឌលហិរញ្ញវត្ថុ របស់ទឹកដីនេះ។
អ្នកនាំពាក្យក្រសួង ការបរទេសលោក ចាវ លីជៀន បាននិយាយឆ្លើយតបទៅ នឹងសាររបស់ទីប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក Robert O’Brien ថាចិន ប្រឆាំងដាច់ខាត ចំពោះការរិះគន់ របស់អ្នកនយោបាយអាមេរិក ចំពោះរបៀបវារៈសភាចិន ទាក់ទងនឹងហុងកុង ។
លោកចាវ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “មិនមានប្រទេសណា ដែលអនុញ្ញាតឱ្យសកម្មភាព ដែលមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ខ្លួន នៅលើទឹកដី របស់ខ្លួននោះទេ” ។
លោកបានបន្ដថា សហរដ្ឋអាមេរិក មានច្បាប់រាប់សិបកន្លែង ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន ប៉ុន្តែកំពុងព្យាយាមជ្រៀតជ្រែកចូល ឬបិទប្រហោង ក្នុងសំណាញ់សន្តិសុខជាតិ របស់ប្រទេសចិន ៕
ដោយ ឈូក បូរ៉ា