បរទេស៖ ក្រុមហ៊ុនជីវសាស្ត្រអាមេរិក ឈ្មោះ Novavax បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាប់ផ្តើម សាកល្បងវ៉ាក់សាំង ការពារមេរោគថ្មីលើមនុស្ស ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាល សាកល្បងមួយ ដោយទទួលបានជំនួយយ៉ាងច្រើន ពីទីភ្នាក់ងារដែលបង្កើតឡើង ដោយមហាសេដ្ឋី គឺលោក Bill Gates។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងផ្នែកដំបូង នៃការសាកល្បង, អ្នកស្ម័គ្រចិត្តមនុស្សពេញវ័យ ដែលមានសុខភាពល្អចំនួន ១៣០ នាក់នៅទីតាំងពីរ ក្នុងប្រទេសអូស្ត្រាលី នឹងទទួលបានវ៉ាក់សាំង NVX-CoV2373 ចំនួនពីរដង ដែលជាវ៉ាក់សាំងពិសោធន៍ របស់ជីវគីមី។
ប្រសិនបើលទ្ធផល ដំបូងបង្ហាញថា មានជោគជ័យ ក្រុមហ៊ុនគ្រោងនឹងផ្លាស់ប្តូរ ទៅដំណាក់កាលទីពីរ នៃការសាកល្បង ដែលត្រូវបានគេរំពឹងថា នឹងមានការចូលរួម ពីប្រទេសដទៃទៀត និងក្រុមអាយុផ្សេងៗគ្នា។ ការសន្និដ្ឋានដំបូង អំពីលទ្ធផល នៃការធ្វើតេស្តដំណាក់កាលនេះ ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញនៅខែកក្កដា៕ ប្រែសម្រួលៈ ណៃ តុលា