ព័ត៌មានអន្តរជាតិ

អាមេរិក៖ មុនស្លាប់ ក្នុងពេលប៉ូលិស កំពុងយកជង្គង់សង្កត់ ក, បុរសស្បែកខ្មៅម្នាក់ ស្រែកថា «ខ្ញុំមិនអាចដកដង្ហើមបានទេ, កុំសម្លាប់ខ្ញុំ»

បរទេស៖ ភាពវឹកវរនៃការតវ៉ា បានផ្ទុះឡើងនៅយប់ថ្ងៃអង្គារ នៅទីក្រុង Minneapolis រដ្ឋ Minnesota នៅពេលដែលក្រុមអ្នកតវ៉ា បានដើរតាមផ្លូវ ដើម្បីទាមទារ ឱ្យមានការចាត់វិធានការ បន្ទាប់ពីការស្លាប់ របស់បុរសស្បែកខ្មៅ ឈ្មោះ George Floyd ជាអ្នកស្រុក Minneapolis ដែលបានស្លាប់ នៅក្នុងការឃុំឃាំង របស់ប៉ូលិសមួយថ្ងៃមុននេះ។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាម របាយការណ៍ថា ប៉ូលិសបានបាញ់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃ ធ្វើឱ្យស្រឡាំងកាំង ដែលបង្កការភ្ញាក់ផ្អើល ដល់ក្រុមអ្នកតវ៉ាមួយចំនួន។

សេចក្តីរាយការណ៍ បាននិយាយថា ការតវ៉ាបានចាប់ផ្តើម ដោយសន្តិវិធី ប៉ុន្តែស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺន ហើយក្រុមបាតុករមួយចំនួន ត្រូវបានគេមើលឃើញថា បាននាំគ្នាបំបែកកញ្ចក់រថយន្ត របស់ប៉ូលិសនិងគប់ដុំថ្ម។

សូមជម្រាបថា ជនជាតិស្បែកខ្មៅ ឈ្មោះ Floyd អាយុ ៤៦ ឆ្នាំបានស្លាប់កាលពីយប់ថ្ងៃច័ន្ទ ហើយវីដេអូបានលេចចេញមក ដោយបង្ហាញថា បុរសរូបនោះដួលនៅលើដី ជាមួយនឹងមន្រ្តីប៉ូលិសម្នាក់ ដែលបានយកជង្គង់ សង្កត់លើកញ្ចឹងករបស់ Floyd ។
រូបភាពដែលត្រូវបាន បញ្ចេញពីឧប្បត្តិហេតុ បានបង្ហាញថា Floyd ស្រែកថា“ ខ្ញុំមិនអាចដកដង្ហើមបានទេ” និង“ កុំសំលាប់ខ្ញុំ” ។

ទាក់ទងនឹងការស្លាប់នេះ គឺមន្ត្រីប៉ូលិសបានឆ្លើយតប ទៅនឹងការហៅទូរស័ព្ទ ពីហាងលក់គ្រឿងទេសមួយ ដែលបានអះអាងថា Floyd បានប្រើបណ្ណក្លែងក្លាយ។

មរណភាពរបស់ Floyd បានបង្កឱ្យមានភាពតានតឹងថ្មី រវាងប៉ូលិសនិងសហគមន៍ស្បែកខ្មៅ៕ ប្រែសម្រួលៈ ណៃ តុលា

To Top