បរទេស៖ បុរសម្នាក់ បានប្រើកាំភ្លើងចំនួន ២ដើម ចូលទៅបាញ់សម្លាប់បុគ្គលិកចំនួន ៣ នាក់ និងរបួសម្នាក់ នៅស្ថានីយ៍វិទ្យុ Phitsanulok ក្នុងប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ចំណែកមូលហេតុ នៃការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ប៉ូលិសថា ខ្មាន់កាំភ្លើងឈ្មោះ Wim Sonsuk ជាជាងអគ្គិសនី បានចាប់ផ្តើមបាញ់ប្រហារ នៅប្រហែលម៉ោង ១១ ព្រឹក។
បុរសខាងលើនេះ ប្រដាប់ដោយកាំភ្លើងខ្លីចំនួន ២ ដើម មួយមានទំហំ ៩ មីលីម៉ែត្រ និងកាំភ្លើងមួយដើមទៀតប្រភេទ a .38 គាត់បានចាប់ និងបាញ់សម្លាប់បុគ្គលិក ចំនួន ៣ នាក់ ក្នុងនោះ គឺ Sanit Butmangkul នាយកស្ថានីយ៍ , ឈ្មោះ Jirawut Sumetthepanan ជាអ្នកជំនាញអគ្គិសនីជាន់ខ្ពស់ និងលោក Phumisaran Phanphum ជាអ្នកបច្ចេកទេសជាន់ខ្ពស់។
ចំណែកឈ្មោះ Prung Chandaeng ជាអ្នកបច្ចេកទេសផ្នែកបញ្ជូនវិទ្យុ ត្រូវបានបាញ់ឱ្យរងរបួស។ បន្ទាប់ពីបាញ់ប្រហាររួចហើយ ជនសង្ស័យ Wim បានរង់ចាំនៅឯស្ថានីយ៍វិទ្យុ ប្រគល់ខ្លួនឱ្យប៉ូលីស៕ ប្រែសម្រួលៈ ណៃ តុលា