វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូប បានណែនាំច្បាប់មួយ ដែលមានគោលបំណង រារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញា ការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។
ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ការពារសកម្មភាព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ដោយគ្មានការយល់ព្រមពីសភា កាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសពីចេតនា ដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហជើងមេឃ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័ររបស់ Markey ។
សមាជិកគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភា បានឲ្យដឹងថា“ ការដកខ្លួនដោយមិនប្រុងប្រយ័ត្ន របស់លោកប្រធានាធិបតី ត្រាំ ពីសន្ធិសញ្ញាបើកចំហមេឃ នឹងមានឥទ្ធិពលយូរអង្វែង លើសមត្ថភាពរបស់យើង ក្នុងការតាមដាន សកម្មភាពយោធារបស់រុស្ស៊ី ដែលអាចគំរាមកំហែង ដល់ផលប្រយោជន៍សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា