ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្ស៊ី ៖ មូស្គូមិនបានបញ្ជូន បុគ្គលិកយោធា ទៅលីប៊ីទេ

បរទេស ៖ ដោយលើកយក សម្តីរបស់លោក Vladimir Dzhabarov អនុប្រធានទីមួយ នៃគណៈកម្មាធិការកិច្ចការអន្តរជាតិ របស់រដ្ឋសភា កាសែតរុស្ស៊ី Interfax បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី មិនបានបញ្ជូនបុគ្គលិកយោធា ទៅប្រទេសលីប៊ីនោះទេ ហើយរដ្ឋសភា របស់រុស្ស៊ី មិនបានទទួលសំណើឲ្យអនុម័ត ការបញ្ជូនបែបនេះ នោះឡើយ ។

កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ យោធាសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរុស្ស៊ីថា កំពុងបញ្ជូនយន្តហោះ ចម្បាំងមួយគ្រឿង ទៅប្រទេសលីប៊ី ដើម្បីគាំទ្រដល់ទាហាន ស៊ីឈ្នួលរបស់រុស្ស៊ី ដែលកំពុងតែប្រយុទ្ធឲ្យកងកម្លាំង ភាគខាងកើត នៅក្នុងប្រទេសនោះ ហើយនេះបានបន្ថែមក្តីព្រួយបារម្ភ អំពីការកើនកម្តៅខ្លាំងឡើងថ្មីក្នុងជម្លោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយ លោកឧត្តមសេនីយ៍ Stephen Townsend ជាមេបញ្ជាការនៅអាហ្វ្រិក របស់អាមេរិក បាននិយាយប្រាប់ថា “រុស្ស៊ីច្បាស់ណាស់កំពុងតែព្យាយាម ពង្រីកជំហរវត្តមានយោធា នៅក្នុងប្រទេសលីប៊ី ហើយដូចដែលខ្ញុំបានឃើញពួកគេធ្វើ នៅក្នុងប្រទេសស៊ីរី គឺពួកគេកំពុងតែពង្រីកវត្តមានយោធា របស់ពួកគេ នៅក្នុងតំបន់អាហ្វ្រិក ដោយប្រើប្រាស់ក្រុមទាហាន ស៊ីឈ្នួលគាំទ្រ ដោយរដ្ឋាភិបាល ដូចជាក្រុម Wagner ជាដើម” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top