ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសឲ្យមានការ “កំណត់” និង”ប្រុងប្រយ័ត្នខ្ពស់” នៅគ្រាដែលមានការបន្ធរបន្ថយ នូវវិធានការបិទប្រទេស ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេស ។
លោក Johnson បានថ្លែងថា ចាប់ពីថ្ងៃចន្ទ កន្លែងមើលថែកុមារ និងសាលារៀនជាច្រើន នឹងត្រូវបើកឲ្យដំណើរការឡើងវិញ សម្រាប់់ថ្នាក់ដំបូង ថ្នាក់ទី១ និងថ្នាក់ទី៦ ។
សម្រាប់រយៈពេល ២សប្តាហ៍ក្រោយ គឺនៅថ្ងៃទី១៥ ខែមិថុនា ថ្នាក់អនុវិទ្យាល័យនឹងចាប់ផ្តើមរៀនតទល់មុខគ្នាបាន សម្រាប់ថ្នាក់ទី១០ និងទី១២ ។ លោក Johnson បានថ្លែងដូច្នេះ ។
គាត់បានថ្លែងថា សម្រាប់ទីតាំងលក់រថយន្ត និងកន្លែងលក់ទំនិញរាយ នឹងចាប់ផ្តើមបើកចាប់ពីថ្ងៃចន្ទ និងកន្លែងលក់ទំនិញរាយដែលមិនចាំបាច់ នឹងត្រូវបើកនៅថ្ងៃទី១៥ ខែមិថុនា ។
ទោះបីជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ក៏បានឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានការបន្ធូរបន្ថយ ការបិទប្រទេស ។
ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកជំងឺផ្សេងទៀតចំនួន ៣៧៧នាក់ បានស្លាប់នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ ៣៧.៨៣៧នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា