ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹង ប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយស៊ីរី ស្តីពីការទទួល បានបរិវេណអគារ និងការចូលទៅដែន សមុទ្របន្ថែម

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានបញ្ជាក្រសួងការពារជាតិ និងក្រសួងការបរទេស ឲ្យប្រារព្ធធ្វើកិច្ចពិភាក្សាជាមួយស៊ីរី ដើម្បីឲ្យទីក្រុងមូស្គូ ទទួលបានបរិវេណអគារ និងការចូលទៅដែន សមុទ្របន្ថែម នៅក្នុងប្រទេសស៊ីរី ។

ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ មានបរិវេណអគារយោធា អចិន្ត្រៃយ៍ចំនួនពីរ នៅក្នុងប្រទេសស៊ីរី គឺមូលដ្ឋានទ័ពអាកាសមួយ នៅខេត្ត Latakia ដែលប្រើប្រាស់ សម្រាប់ការវាយប្រហារ តាមអាកាសប្រឆាំងកងកម្លាំង ដែលប្រឆាំងនឹង ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ហើយមូលដ្ឋានទ័ពជើងទឹកមួយ នៅទីក្រុង Tartus លើដែនសមុទ្រមេឌីទែរ៉ានេ ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានជួយគាំទ្រប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាម នៅក្នុងប្រទេសស៊ីរី ក្នុងឆ្នាំ២០១១មកម្ល៉េះ តាមរយៈការជួយផ្តល់ជំនួយយោធា ហើយរុស្ស៊ីតែងតែធ្វើវេតូ ចំពោះសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលទាមទារ ឲ្យលោក អាសាដ ចុះចេញពីតំណែង៕
ប្រែសម្រួល៖ប៉ាង កុង

To Top