ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីទី៣០ ខែឧសភា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ក្រុមអ្នកតវ៉ានៅរដ្ឋម៉ូនីសូតា បានផ្ទុះអំពើហិង្សា ក្រោយមានករណីស្លាប់ បុរសស្បែកខ្មៅ ឈ្មោះ George Floyd នៅក្រុងញ៉ូវយ៉ក កាលពីយប់ថ្ងៃសុក្រ ដែលមានអ្នក តវ៉ាប្រមាណ ២០០នាក់ ត្រូវបានគេចាប់ខ្លួន ។
អណ្តាតភ្លើង នៃភាពតានតឹង បានកើតឡើង បន្ទាប់ពីមានបាតុកម្ម សន្តិភាពពេញលេញមួយ កាលពីរសៀលថ្ងៃសុក្រ ។ នៅក្រុង Brooklyn មានពលរដ្ឋជាច្រើន បានប៉ះទង្គិចគ្នា ជាមួយក្រុមមន្ត្រី និងបានដុតបំផ្លាញ រថយន្តរបស់ប៉ូលិស ១គ្រឿង និងបង្កការខូចខាត រថយន្តផ្សេងៗទៀត ។ នៅក្នុងតំបន់ផ្សេងៗទៀត ក្រុមអ្នកតវ៉ា បានគ្រវែងដបទឹកសុទ្ធ ដាក់ប៉ូលិស ។ ខ្សែវីដេអូ បានបង្ហាញឲ្យដឹង នៅលើអនឡាញ ។
កាសែត The New York Times បានរាយការណ៍ឲ្យដឹងថា មានការចាប់ខ្លួន មនុស្សប្រមាណ ២០០នាក់់ ភាគច្រើនមានរបួសតិចតួច ។ ក្រុមមន្ត្រីមួយចំនួន បានរងរបួស ។
លោក Floyd មានវ័យ៤៦ឆ្នាំ ជាបុរសស្បែកខ្មៅ ហើយត្រូវបានមន្ត្រីប៉ូលិស ដែលមានស្បែកស បានចាប់ខ្លួនរូបគាត់ និងបានគ្រៀកផ្ទប់នឹងដី ដោយយកជង្គង់សង្កត់ក របស់គាត់ រយៈពេល៨នាទី កាលពីល្ងាចថ្ងៃចន្ទ នៅក្រុង Minneapolis នៅរដ្ឋ Minnesota ។ ក្រោយមកលោក Floyd បានបាត់បង់ស្មារតី និងក្រោយមកទៀតបានស្លាប់នៅក្នុងមន្ទីរឃុំឃាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា