Covid-19

កូរ៉េខាងត្បូង មានករណីថ្មី នៃជំងឺ​ កូវីដ១៩ ចំនួន៣៩នាក់ នាំឲ្យតួលេខអ្នកឆ្លង សរុបកើនលើស ១ម៉ឺននាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន ៣៩នាក់ ធៀបនឹងរយៈពេល ២៤ម៉ោងកន្លងមកនេះ គិតត្រឹមម៉ោងសូន្យៗ ព្រឹកថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លង សរុបកើន ដល់១១.៤៤១នាក់ ។

ក្នុងរយៈពេល៤ថ្ងៃមកនេះ គេបានឃើញថា តួលេខនៃអ្នកឆ្លងជំងឺ ស្ថិតក្រោម៤០នាក់ ។ ករណីឆ្លងជំងឺត្រូវបានគេបញ្ជាក់់ថា បានកើនឡើងលឿន ក្នុងរយៈពេល៣ថ្ងៃ ដោយសារតែមាន ការប្រមូលផ្តុំគ្នា នៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងស្រុក គឺនៅតំបន់ Bucheon ស្ថិតនៅភាគខាងលិច ក្រុងសេអ៊ូល ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មាន១២នាក់ ជាអ្នកមកពីបរទេស បូករួមតួលេខសរុប មានចំនួន១.២៤៧នាក់ ។

មិនមានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់នោះទេ ដែលអ្នកស្លាប់សរុប មានចំនួន២៦៩នាក់ ។ អត្រាមរណភាព គឺ២.៣៥ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top