កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានព្រមព្រៀងពន្យារពេលបន្ថែមទៀត នៃគម្រោងផ្លូវដែកល្បឿនលឿន ដែលបានតភ្ជាប់ រវាងប្រទេសទាំងពីរ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
លោក Mohamed Azmin Ali រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ របស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថាប្រទេសជិតខាងទាំងពីរ បានព្រមព្រៀងគ្នា“ បន្តការពិភាក្សា លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែកល្បឿនលឿន KL-Singapore នាពេលអនាគត” ដោយបន្ថែមថាការចរចានេះ នឹងរួមបញ្ចូលការផ្លាស់ប្តូរមួយចំនួន ដែលបានស្នើឡើង នៅក្នុងទិដ្ឋភាពពាណិជ្ជកម្ម និងបច្ចេកទេសនៃគម្រោង។
លោកបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាគីទាំងពីរ បានព្រមព្រៀងគ្នា ពន្យារពេលដល់ថ្ងៃទី៣១ ខែធ្នូ” ។
ក្រសួងដឹកជញ្ជូនសិង្ហបុរី បានឲ្យដឹងថា“ ក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី សិង្ហបុរីបានយល់ព្រម ពន្យារពេលចុងក្រោយ នៃការព្យួរគម្រោងនេះ ក្នុងរយៈពេល ៧ ខែដល់ថ្ងៃទី៣១ ខែធ្នូ”៕ ដោយ៖ ឈូក បូរ៉ា