បរទេស៖ ពួកគេតាលីបង់ បានរក្សាចំណងទាក់ទង យ៉ាងជិតស្និទ្ធជាមួយពួកអាល់កៃដា នេះយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ ចេញក្នុងពេលថ្មីៗនេះ និងលើកឡើងថា ពួកតាលីបង់ កំពុងតែធ្វើឲ្យប៉ះពាល់ ដល់កិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដែលឲ្យផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយអង្គការភេរវកម្ម។
របាយការណ៍ អង្គការសហប្រជាជាតិ ស្តីពីការគម្រាមកំហែង របស់ពួកតាលីបង់ និងពួកដទៃទៀត ចំពោះសន្តិភាព ស្ថិរភាពនិងសន្តិសុខ ក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ បាននិយាយប្រាប់ថា ពួកតាលីបង់ ជាពិសេសបណ្ដាញ Haqqani នៅតែមានចំណងទាក់ទងគ្នា យ៉ាងជិតស្និទ្ធ ជាមួយពួកអាល់កៃដា ផ្អែកលើមូលដ្ឋានមិត្តភាព ប្រវត្តិសាស្ត្រនៃការតស៊ូរួមគ្នា ក្តីអាណិតអាសូរបែបមនោគមវិជ្ជា និងចំណងអាពាហ៍ពិពាហ៍។
របាយការណ៍ដដែលនេះ ក៏បាននិយាយទៀតផងដែរថា ចំណងមិត្តភាពពួកអាល់កៃដា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិងកំពុងតែទទួលបាន ភាពរឹងមាំយ៉ាងស្ងាត់ៗ នៅក្នុងប្រទេស ស្របពេល ដែលធ្វើប្រតិបត្តិការ ជាមួយពួកតាលីបង់ និងក្រោមកិច្ចការពាររបស់វា៕ ប្រែសម្រួល៖ប៉ាង កុង