ព័ត៌មានអន្តរជាតិ

វិភាគ: ឃាតកម្មលើបុរសស្បែកខ្មៅ និងCovid-19 ជាកញ្ចក់ឆ្លុះបញ្ចាំង ឲ្យឃើញពីវិសមភាពសង្គម នៅអាមេរិកបច្ចុប្បន្នភាព

អំពើហិង្សាដែលបង្កឡើង ដោយប៉ូលីសអាមេរិកស្បែកស ដោយយកជង្គង់ទៅសង្កត់ ក ជនសង្ស័យអាមេរិក ស្បែកខ្មៅរហូតដល់ថប់ដង្ហើមស្លាប់ និងការបាត់បង់ជីវិតមនុស្សជាង១០ម៉ឺននាក់ ដោយសារវីរុសCovid-19 នៅសហរដ្ឋអាមេរិក គឺជាកញ្ចក់ឆ្លុះបញ្ចាំងអោយឃើញពីវិសមភាពសង្គម នៅសហរដ្ឋអាមេរិកយ៉ាងច្បាប់ក្រឡែត ។

វិសមភាពសង្គម គឺការរស់នៅក្នុងភាពមិនស្មើគ្នាក្នុងសង្គម ដូចជានៅសហរដ្ឋអាមេរិក គឺមានវិសមភាពសង្គម ដោយជនជាតិអាមេរិកស្បែកស បានចាត់ទុកជនជាតិអាមេរិកស្បែកខ្មៅថា ជាប្រភេទមនុស្សអន់ និងមានតម្លៃជីវិតមិនស្មើនឹង ពួកស្បែកស ទោះបីជាអាមេរិកមានលំអានគោរព សិទ្ធិមនុស្ស និងមិនរើសអើងជាតិសាសន៍ក៏ដោយ ។
មូលហេតុនេះហើយ ដែលនាំអោយ លោកស្រី Michelle Bachelet ឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក សិទ្ធិមនុស្ស បានចេញសេចក្តី ថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី០២ ខែមិថុនានេះ ស្តីពីវិសមភាពសង្គមនៅសហរដ្ឋអាមេរិក ដែលកំពុងឆ្លុះបញ្ចាំងអោយឃើញតាមរយៈការធ្វើបាតុកម្ម និងការបាត់បង់ជីវិតមនុស្សដោយសារវីរុសCovid-19 ។

លោកស្រី Michelle Bachelet បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា គេ ធ្វើ មិន ដឹងមិន ឮ ជាយូរ មកហើយអំពីការរើសអើងជាតិសាសន៍នៅ សហរដ្ឋ អាមេរិក ដោយជនជាតិអាមេរិកស្បែកស បានរើសអើងលើជនជាតិអាមេរិកស្បែកខ្មៅ ដែលអត្រាមរណៈ របស់ជនជាតិអាមេរិកស្បែកខ្មៅដោយសារវីរុសCovid-19 គឺមាន ចំនួន ច្រើន ជាងជនជាតិអាមេរិកស្បែកសដល់ ទៅ ពីរដង ដោយសារការមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យអាមេរិកស្បែកស ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារក្បួនបាតុកម្ម ហិង្សាដែល កំពុង រាលដាល ស្ទើរ ពេញ សហរដ្ឋ អាមេរិកឈានចូលដល់ថ្ងៃទី៨ហើយនោះ មិនត្រឹមតែបង្ហាញ ឱ្យឃើញអំពី ហិង្សារបស់ប៉ូលិសទៅលើ ពលរដ្ឋ ស្បែកខ្មៅទេ តែបានឆ្លុះបញ្ចាំងឱ្យឃើញអំពី វិសមភាព ផ្នែកសុខភាព ការសិក្សា អប់រំ ការងារ និងពីការរើសអើង ពូជសាសន៍ ដ៏ រ៉ាំរ៉ៃ ក្នុង សង្គម អាមេរិកផងដែរ ។

លោកស្រី Michelle Bachelet បានសរសេរបន្ថែមថា បញ្ហា រើសអើង ពូជសាសន៍ បូក ផ្សំនឹង ជំងឺរាតត្បាតកូវីដ១៩ បានរំលេច ឱ្យឃើញ អំពី វិសមភាព ក្នុង សហគម ពលរដ្ឋ ដើមកំណើត ស្បែក ខ្មៅ ឬ ជនជាតិ ភាគតិច យ៉ាង ច្បាស់ និង ក្នុង កំរិត ផ្សេង គ្នា ពី ប្រទេស មួយ ទៅប្រទេស មួយ មាន ជាអាទិ៍ នៅ ប្រេស៊ីល បារាំង អង់គ្លេស និង ជាពិសេស សហរដ្ឋ អាមេរិក ។

ការស្លាប់របស់លោក George Floyd បុរសស្បែក ខ្មៅ អាយុ ៤៦ ឆ្នាំ ដោយ ប៉ូលិស ស្បែក សយក ជង្គង់ សង្កត់ក ក្នុងរង្វង់ ៨ នាទី រហូត ដល់ ថប់ដង្ហើម ស្លាប់ បានជំរុញ ឱ្យ ពលរដ្ឋ អាមេរិក រាប់ សិប ម៉ឺន នាក់ចេញ ធ្វើ បាតុកម្ម ដើម្បី បរិហារ ទង្វើ ហិង្សា របស់ប៉ូលិស បរិហារ ការ រើសអើងពណ៌សម្បុរ និង វិសមភាព សង្គម ។
បាតុកម្ម បានរាលដាល ជា អំពើ ហិង្សា អនាធិបតេយ្យ និងការ ប៉ះទង្គិច ជាមួយ ប៉ូលិស ហើយមិន តែ ប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន ជ្រើសរើស ការ គំរាមកំហែង ប្រើ កម្លាំង ទ័ព ដើម្បី ស្តារ សណ្តាប់ ធ្នាប់ សង្គមឡើងវិញ ដែលនេះហាក់ដូចជាមិនមែនជាចំណាត់ការក្នុងប្រទេសដែលគោរពសិទ្ធិមនុស្សនោះទេ ។

សន្និដ្ឋាន៖ បើមានវិសមភាពសង្គមបែបនេះ តើត្រូវដោះស្រាយបែបណា ?
វិសមភាពសង្គមនៅអាមេរិក បានកប់ជ្រៅណាស់ទៅហើយរហូតមកដល់បច្ចុប្បន្ននេះ ហើយបើចង់ដោះស្រាយ ឬចង់បញ្ចប់ ក៏មិនងាយនឹងធ្វើទៅបានដែរ ហើយបើអាចធ្វើបាន លុះត្រាតែប្រើប្រាស់រយៈពេលយូរ និងឆ្លងកាត់ការតាំងចិត្តរឹងមាំ និងមានឆន្ទៈមោះមុតបំផុតក្នុងការបញ្ចប់ការរើសអើនេះ ទើបអាចបញ្ចប់បាន ឬអាចប្រសើរឡើង ។
ការផ្លាស់ប្តូរផ្នត់គំនិតរបស់មេដឹកនាំ និងប្រជាពលរដ្ឋរាប់លាននាក់ មិនមែនជាការងារងាយស្រួលនោះទេ ហើយការបញ្ចប់ការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក ក៏មិនងាយនឹងធ្វើទៅបានក្នុងរយៈពេលខ្លីដែរ គឺត្រូវការទាំងពេលវេលាវែង និងត្រូវការទាំងឆន្ទៈមោះមុតរបស់មេដឹកនាំ រួមទាំងប្រជាពលរដ្ឋផងដែរ ។
ផលប៉ះពាល់

មេដឹកនាំ និងប្រជាពលរដ្ឋនៅជុំវិញពិភពលោក កំពុងមើលឃើញពីភាពអន់ខ្សោយ និងភាពអនាធិបតេយ្យរបស់ពលរដ្ឋអាមេរិកក្នុងក្បួនបាតុកម្ម ប្រឆាំងនឹងវិសមភាពសង្គម ដោយភ្ជាប់ជាមួយនឹងករណីប្លន់ និងលួចតាមរយៈការធ្វើបាតុកម្មនេះ ដែលធ្វើអោយប៉ះពាល់ដល់កិត្យានុភាពអាមេរិកទាំងមូល ។

មេដឹកនាំ និងប្រជាពលរដ្ឋនៅជុំវិញពិភពលោក បានទទួលស្គាល់ថា សហរដ្ឋអាមេរិក គឺជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្ស ប៉ុន្តែវិសមភាពសង្គមនេះ បានឆ្លុះបញ្ចាំងអោយឃើញថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សនៅអាមេរិក គឺមានតែសម្តីប៉ុណ្ណោះ តែធាតុពិតគឺគ្មានអ្វីសោះ ៕

ដោយៈ អ៊ិន ជិន

To Top