ព័ត៌មានអន្តរជាតិ

ចិនក្តៅស្លឹកត្រចៀក ក្រោយអង់គ្លេស ប្រកាសផ្តល់សិទ្ធិពលរដ្ឋ ដល់អ្នកហុងកុង

បរទេស៖ ប្រទេសចិនបានប្រតិកម្ម យ៉ាងខ្លាំងចំពោះការផ្តល់ជូន របស់រដ្ឋាភិបាលអង់គ្លេស ដើម្បីអនុញ្ញាតឱ្យពលរដ្ឋហុងកុង ទាំងអស់ដែលមានលិខិតឆ្លងដែន សញ្ជាតិអង់គ្លេស (ក្រៅប្រទេស) មានសិទ្ធិចូល និងរស់នៅក្នុងចក្រភពអង់គ្លេស និងផ្តល់ផ្លូវភាពជាពលរដ្ឋអង់គ្លេសបាន។ ចិនចោទប្រកាន់ថា ការផ្តល់ជូននេះ បានរំលោភសេចក្តីប្រកាសរួម ចិន – អង់គ្លេសឆ្នាំ ១៩៨៤ ជុំវិញការបន្តអធិបតេយ្យភាពចិន លើហុងកុង។

យោងតាមវែបសាយ The Conversation ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្តល់របស់រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេសគឺលោក Dominic Raab បានអនុវត្ត ក្រោយការអនុម័តនៃ សេចក្តីសម្រេចរបស់សភាប្រជាជន ជាតិចិន ដើម្បីអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង។

ចំណាត់ការរបស់ប្រទេសចិន លើហុងកុងនេះ បានទទួលការរិះគន់យ៉ាង ខ្លាំងពីប្រទេសប្រជាធិបតេយ្យលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ដែលបានប្រកាសថា ខ្លួននឹងចាប់ផ្តើមដកហូតការអនុគ្រោះ ពាណិជ្ជកម្មរបស់ហុងកុង ខណៈទីក្រុងនេះលែងមានស្វ័យភាពពីប្រទេសចិន។

យោងតាមការប៉ាន់ស្មានចុងក្រោយ របស់ការិយាល័យក្នុងស្រុក គឺមានមនុស្សហុងកុងជិត ៣៥០.០០០ នាក់ដែលកាន់លិខិតឆ្លងដែន ជាតិអង់គ្លេស ឬហៅកាត់ថា BN (O) ដែលត្រូវបានផ្តល់ទៅឱ្យមនុស្ស ទាំងអស់ដែលកើតនៅហុងកុងមុនពេលវាត្រូវបានប្រគល់ពីចក្រភពអង់គ្លេស ទៅប្រទេសចិន។ ចាប់តាំងពីឆ្នាំ ១៩៩៧ អ្នកកាន់លិខិតឆ្លងដែន BN (O) មានសិទ្ធិស្នាក់នៅក្នុងចក្រភព អង់គ្លេសរយៈពេល ៦ ខែ។ ការផ្តល់ជូនរបស់លោក Dominic Raab នឹងផ្តល់ឱ្យពួកគេនូវសិទ្ធិធ្វើការនិងសិក្សានៅចក្រភពអង់គ្លេសក្នុង រយៈពេល ១២ ខែដែលអាចពង្រីកបាន និងផ្តល់នូវ“ មាគ៌ាឆ្ពោះទៅរកភាពជាពលរដ្ឋ នាពេលអនាគត” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top