រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋនៅក្នុងប្រទេសអ៊ីតាលី នឹងត្រូវបានអនុញ្ញត ឲ្យធ្វើដំណើរដោយសេរីវិញ នៅក្នុងប្រទេស គិតចាប់ពីថ្ងៃពុធ និងរាល់ការរឹតត្បិត លើការធ្វើដំណើរ ក៏ត្រូវបានបន្ធូរបន្ថយ នៅថ្ងៃដដែលនេះ ជាមួយអ្នកដែលធ្វើដំណើរ មកពីបណ្តាប្រទេស នៅតំបន់អឺរ៉ុប (EU)និងបណ្តាប្រទេសជាច្រើនទៀត រួមទាំងចក្រភពអង់គ្លេស ប្រទេស Andorra និងម៉ារ៉ុក ដែលត្រូវបានអនុញ្ញត ឲ្យចូលមកទស្សនានៅក្នុង ប្រទេសអ៊ីតាលី ដោយមិនតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ ។
លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានថ្លែងទៅកាន់ជនរួមជាតិ នៅលើកញ្ចក់ទូរទស្សន៍ នៅក្នុងពិធីសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃពុធថា “រយៈពេល១ខែ ចាប់ពីថ្ងៃទី៤ ខែឧសភា នៅពេលនេះ យើងបានធ្វើការបើកឡើងវិញ នូវរោងចក្ររបស់យើង និងវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយយើងអាចនិយាយបានថា មានការបើកទូលាយតែម្តង” ។
គិតត្រឹមថ្ងៃពុធ តួលេខថ្មីៗបានបង្ហាញថា អ៊ីតាលី ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់ថ្មី ដោយជំងឺកូវីដ១៩ចំនួន៧១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបបានកើនឡើងដល់៣៣.៦០១នាក់ និងមានអ្នកឆ្លងជំងឺសរុប រហូតដល់២៣៣.៨៣៦នាក់ ។
នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា នៅទូទាំងប្រទេស ចំនួននៃអ្នកឆ្លងជំងឺ បានថយចុះពី៥៩៦នាក់ ដល់៣៩.២៩៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា