តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃច័ន្ទនេះថា អតិរេកគណនីចរន្តរបស់ជប៉ុនក្នុងខែមេសា បានធ្លាក់ចុះ ៨៤,២ ភាគរយពីមួយឆ្នាំមុន ដោយសារការនាំចេញ និងចំណាយរបស់ភ្ញៀវទេសចរបរទេសបានបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ-១៩។
គណនីចរន្តដែលជារង្វាស់ធំបំផុតមួយនៃពាណិជ្ជកម្មអន្តរជាតិមានចំនួន ២៦២,៧ ពាន់លានយ៉េន (២,៤ ពាន់លានដុល្លារ) ដែលជាអតិរេកខែទី៧០ ប៉ុន្តែជាចំនួនតិចបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៧ នេះបើយោងតាមរបាយការណ៍បឋមដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ។
ការនាំចេញបានធ្លាក់ចុះ ២៣,០ ភាគរយដល់ ៤,៩១ ពាន់ពាន់លានយ៉េន ខណៈតម្រូវការរថយន្តនិងគ្រឿងបន្លាស់រថយន្តពីអាមេរិក បានធ្លាក់ចុះដោយ សារការផ្ទុះឡើងមេរោគកូវីដ-១៩នេះ។
ចំណែកការនាំចូលបានធ្លាក់ចុះ ៩,៥ ភាគរយដល់ ៥,៨៨ ពាន់ពាន់លានយ៉េន ដោយសារការធ្លាក់ថ្លៃប្រេងឆៅ និងរបស់ថាមពលផ្សេងៗ៕
ដោយ ឈូក បូរ៉ា