តូក្យូ៖ ប្រទេសជប៉ុន និងអង់គ្លេស នឹងចាប់ផ្តើមការចរចា ជាផ្លូវការនៅថ្ងៃអង្គារនេះ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណង ដើម្បីធ្វើកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ នៅពេលដែលរយៈពេលនៃការផ្លាស់ប្តូរ សម្រាប់ចក្រភពអង់គ្លេស លើការចាកចេញពីសហភាពអឺរ៉ុប ត្រូវបញ្ចប់។
បណ្តាប្រទេស នឹងបង្កើតកិច្ចព្រមព្រៀង ស្តីពីសហភាពអឺរ៉ុប – ជប៉ុន ដែលមានស្រាប់ដោយទីក្រុងតូក្យូ កំពុងតែព្យាយាម កាត់បន្ថយពន្ធគយ លើរថយន្តខណៈទីក្រុងឡុង បានឲ្យដឹងថា ខ្លួនចង់បានអត្ថប្រយោជន៍ សម្រាប់សេវាកម្មហិរញ្ញវត្ថុ និងឧស្សាហកម្មវាយនភណ្ឌ។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi នឹងចាប់ផ្តើមកិច្ចពិភាក្សា តាមខ្សែអាត់វីដេអូឃ្លីប ជាមួយលោក Liz Truss រដ្ឋលេខាធិការពាណិជ្ជកម្មអង់គ្លេស លើបញ្ហាខាងលើនេះ។
អង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប កាលពីខែមករា ហើយកំពុងចរចាពាណិជ្ជកម្ម ជាមួយប្រទេសរាប់សិបទៀត ដោយខ្លួនពិតជា ចង់ធ្វើកិច្ចព្រមព្រៀងមុនដំណាច់ឆ្នាំ បន្ទាប់ពីនោះ ខ្លួននឹងមិនត្រូវបានបញ្ចូល ទៅក្នុងការរៀបចំរបស់ប្លុកទៀតទេ៕ ដោយ៖ ឈូក បូរ៉ា