ប៊ែកឡាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ គិតត្រឹម សប្តាហ៍មុន ជាធម្យម បានកើនឡើង៣៥០នាក់ ក្នុង១ថ្ងៃ នាំឲ្យតួលេខអ្នកឆ្លងជំងឺសរុបមានចំនួន១៨៤.៥៤៣ នាក់ ។
យោងតាម RKI បានឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបានថយចុះ ដែលមានចំនួន១៤.៣៤០នាក់ គិតត្រឹមថ្ងៃអង្គារនេះ ខណៈដែលតួលេខប៉ាន់ស្មានពលរដ្ឋដែលបាន ជាសះស្បើយពីជំងឺ មានប្រមាណ៦០០នាក់ ក្នុងអំឡុងពេល១ថ្ងៃ នាំឲ្យតួលេខអ្នកជាសះស្បើយ សរុបដល់១៧០.២០០នាក់ ។
ទោះបីជាមានការ ថយចុះការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ តែអធិការបតីអាល្លឺម៉ង់ Angela Merkel និងនៅតាមបណ្តារដ្ឋនានា នៅតែមានការឯកភាពគ្នា ក្នុងការរឹតត្បិតក្នុងយន្តការមួយ នៃគ្រាអាសន្ន នឹងតម្រូវឲ្យតាមបណ្តារដ្ឋនានា ធ្វើការវាយតម្លៃ និងចាត់វិធានការឲ្យបានល្អ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា