ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ផ្នែកព្រហ្មទណ្ឌអន្តរជាតិ៖ ដល់ពេល ត្រូវកែទម្រង់ប៉ូលិសអាមេរិកហើយ

បរទេស៖ ការអំពាវនាវ ឱ្យកុំបន្តផ្តល់លុយ ឬរុះរើកងកំលាំងប៉ូលិសអាមេរិកទាំងមូល បានក្លាយជាចលករមួយ ក្នុងកំឡុងពេលតវ៉ាប្រឆាំង នឹងការសម្លាប់លោក George Floyd អាយុ ៤៦ ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក នៅក្នុងកណ្តាប់ដៃ មន្ត្រីប៉ូលិសស្បែកសម្នាក់ កាលពីថ្ងៃទី ២៥ ឧសភា នៅទីក្រុង Minneapolis ។ អ្នកជំនាញផ្នែកព្រហ្មទណ្ឌអន្តរជាតិ បានថ្លឹងថ្លែងពីផលវិបាក នៃយុទ្ធនាការ “ ឈប់ផ្តល់លុយឱ្យប៉ូលិស” នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រុមអ្នកប្រជាធិបតេយ្យ នៃសភាអាមេរិក បានណែនាំអំពី ច្បាប់យុត្តិធម៌ក្នុងឆ្នាំ ២០២០ ដែលជាច្បាប់ ដែលធ្វើឱ្យមានភាពងាយស្រួល ក្នុងការកាត់ទោសប៉ូលិស ចំពោះការប្រព្រឹត្តខុស, ហាមឃាត់ការរឹតក, ដកហូតការវាយឆ្មក់របស់ប៉ូលិស ដែលមិនបានប្រកាស និងដោះស្រាយបញ្ហា ប្រកាន់ជាតិសាសន៍។ សេចក្ដីព្រាងច្បាប់កំណែទម្រង់ប៉ូលិស ដែលត្រូវបានស្នើឡើង ដោយអ្នកប្រជាធិបតេយ្យ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីសមាជិកសភាទីក្រុង Minneapolis បានប្រកាស រំលាយកម្លាំងប៉ូលិសក្នុងទីក្រុង។

កាលពីថ្ងៃអាទិត្យ សមាជិក ៩ នាក់ ក្នុងចំណោមសមាជិក ក្រុមប្រឹក្សាក្រុង Minneapolis ចំនួន ១២ នាក់បានប្តេជ្ញាថា នឹងរំលាយនាយកដ្ឋានប៉ូលិស Minneapolis ដោយសន្យាថា នឹងបង្កើតប្រព័ន្ធថ្មីមួយ នៃសុវត្ថិភាពសាធារណៈជំនួសវិញ។ ដោយសារ ថវិកាប៉ូលិសទីក្រុងនៅឆ្នាំ ២០២០ មានចំនួន ១៩៣,៣ លានដុល្លារ ដែលមានមន្រ្តី ៨៩២ នាក់ និងបុគ្គលិកស៊ីវិល ១៧៥ នាក់, ការផ្លាស់ប្តូរនេះ នឹងបង្កើតកន្លែងសារពើពន្ធបន្ថែម។ ទោះយ៉ាងណា យោងទៅតាមសារព័ត៌មាន The Star Tribune ដែលជាកាសែតធំបំផុតនៅរដ្ឋ មីនីសូតា គឺថាទាំងការរំលាយ និងការរុះរើ នឹងមិនកើតឡើង ពេញមួយយប់នោះទេ ព្រោះថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយ ស្តីពីព័ត៌មានលម្អិត ដែលបានកើតឡើង នៅឡើយទេ។

យោងតាមលោក David Goldfield សាស្រ្តាចារ្យប្រវត្ដិសាស្ដ្រ នៅឯ UNC Charlotte បានអោយដឹងថា ការតវ៉ាដែលកំពុងបន្ត​ និងការអង្វរកាត់ប៉ូលិស គឺផ្តើមចេញពី“ វិសមភាពដែលមិនជាប់លាប់ នៅចំពោះមុខច្បាប់ ដែលជនជាតិអាហ្វ្រិក ប្រឈមមុខរាល់ថ្ងៃ” ។

ប្រវត្តិវិទូនិយាយថា អំពើហិង្សានៅក្រោមក្រប នៃភាពស្របច្បាប់ គឺមិនមានអ្វីថ្មីទេ សំរាប់សហគមន៍ជនជាតិអាមេរិក ដើមកំណើតអាហ្រ្វិក។ វាមាននៅក្នុងយុគសម័យទាសភាព ក្នុងកំឡុងពេលលោក Jim Crow និងបន្តរហូតដល់ថ្ងៃនេះ។ ភាពខុសគ្នាដ៏សំខាន់ឥឡូវនេះ គឺយើងមានទូរស័ព្ទដៃ ដែលកត់ត្រា ឬថតអំពីការរំលោភបំពាន និងឃាតកម្មរបស់ជនរួមជាតិ ហើយបណ្តាញសង្គម នឹងផ្សព្វផ្សាយការជូនដំណឹងនេះ។ នេះគឺជាបច្ចេកវិទ្យា, ការផ្លាស់ប្តូរ ដែលនឹងនាំឱ្យ មានការផ្លាស់ប្តូរសង្គម៕ ប្រែសម្រួលៈ ណៃ តុលា

To Top