ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងកសាងបង្កើន ឃ្លាំងនុយក្លេអ៊ែ

បរទេស ៖ ប្រទេសកូរ៉េខាងជើង អាចនឹងមានក្បាលគ្រាប់ នុយក្លេអ៊ែ ចំនួន៣៥គ្រាប់ នៅក្នុងឃ្លាំងរបស់ខ្លួន គឺកើនឡើងពីចំនួន ប៉ាន់ស្មានពីមុន នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

មជ្ឈមណ្ឌលស្រាវជ្រាវលុបបំបាត់ អាវុធនុយក្លេអ៊ែ ហៅកាត់ថា RECNA នៅសាកលវិទ្យាល័យ Nagasaki បាននិយាយប្រាប់ថា អាវុធរបស់ប្រទេសកូរ៉េខាងជើង គឺត្រូវបានរាប់បញ្ចូលក្នុងអាវុធនុយក្លេអ៊ែ ពិភពលោកសរុបចំនួន១៣.៤១០គ្រាប់ ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ រាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមសេចក្តីរាយការណ៍ ក្បាលគ្រាប់នុយក្លេអ៊ែកូរ៉េខាងជើង គឺនៅមានចំនួនតិចឆ្ងាយ ជាងប្រទេសដទៃ គឺប្រទេសរុស្ស៊ីជាប់ចំណាត់ ថ្នាក់លេខ១ លើបញ្ជីមជ្ឈមណ្ឌលស្រាវជ្រាវ លុបបំបាត់អាវុធនុយក្លេអ៊ែ ដោយមានក្បាលគ្រាប់ នុយក្លេអ៊ែចំនួន៦.៣៧០គ្រាប់ សហរដ្ឋអាមេរិកមាន៥.៨០០គ្រាប់ និងចិនមានក្បាលគ្រាប់ នុយក្លេអ៊ែ៣២០គ្រាប់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top