បរទេស៖ សមាជិកសភាគណបក្សប្រឆាំង នៅក្នុងប្រទេសថៃ បានដើរចេញពីការប្រជុំសភាមួយ កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងនឹងកង្វះព័ត៌មានលម្អិត នៅក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការបែងចែកថវិកាចំនួន ៨៨ ពាន់លានបាត ដល់មូលនិធិកណ្តាល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការដើរចេញនេះ ត្រូវបានដឹកនាំដោយលោក Worawat Ua-apinyakul ដែលអង្គុយ នៅគណៈកម្មាធិការគណៈកម្មាធិការ ត្រួតពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការផ្ទេរថវិកា។ សមាជិកសភា បានចាកចេញពីការប្រជុំភ្លាមៗ ហើយបានចោទប្រកាន់ សម្ព័ន្ធរដ្ឋាភិបាលថា បានព្យាយាមរារាំងពួកគេ ពីការបំពេញការងាររបស់ខ្លួន។
ច្បាប់នេះបានឆ្លងកាត់ ការពិនិត្យលើកដំបូង នៅឯសភាតំណាងរាស្ត្រ កាលពីសប្តាហ៍មុន ជាមួយនឹងសំឡេងគាំទ្រ ២៦៤ សំឡេង។ មានសំលេង ៤ ប្រឆាំងនឹងច្បាប់នេះនិង ១៨០ សំលេងអនុប្បវាទ។
លោក Worawat អនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការផ្ទេរថវិកា បានមានប្រសាសន៍ថា បើមិនមានព័ត៌មានលម្អិតទេ គណៈកម្មាធិការ មិនអាចធ្វើការពិនិត្យហ្មត់ចត់ទេ។ លោកបាននិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើន នៃមូលនិធិកណ្តាលត្រូវបានគ្រោងទុក សម្រាប់ដោះស្រាយបញ្ហា គ្រោះរាំងស្ងួត មិនមែនជួយប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងរបស់វីរុសនេះទេ៕ ប្រែសម្រួលៈ ណៃ តុលា