បរទេស៖ ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបង្ហាញក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ទៅប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ បានមានប្រសាសន៍ថា ទីក្រុងតូក្យូចង់ធ្វើតួនាទីដឹកនាំ នៅក្នុងចំណោមក្រុមប្រទេសទាំង៧ ដើម្បីចេញនូវសេចក្តីថ្លែងការណ៍មួ ស្តីពីស្ថានភាពនៅទីក្រុងហុងកុង។
មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Hua Chunying តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទប្រចាំថ្ងៃថា ទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ហើយបរទេសនានា មិនមានសិទ្ធិធ្វើការលូកដៃ ជ្រៀតជ្រែកនោះទេ។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់នាយករដ្ឋមន្ត្រីជប៉ុន គឺត្រូវបានធ្វើឡើង ស្របពេលមានការពិភាក្សាគ្នា អំពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងធ្វើដំណើរទស្សនកិច្ច ទៅប្រទេសជប៉ុន ដែលដើមឡើង ត្រូវបានគ្រោងធ្វើឡើង នៅក្នុងខែមេសា ហើយបានផ្អាកវិញ ដោយសារតែការផ្ទុះរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង