ព័ត៌មានអន្តរជាតិ

កាសែតកូរ៉េខាងជើង សង្កត់ធ្ងន់លើការអភិវឌ្ឍ ឧស្សាហកម្មគីមី សម្រាប់ពឹងផ្អែកលើខ្លួនឯង

បរទេស៖ កាសែតផ្លូវការ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមាន ការអភិវឌ្ឍឧស្សាហកម្មគីមី ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងការធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងលក្ខខណ្ឌជីវភាពរស់នៅ សម្រាប់ប្រជាជនកូរ៉េខាងជើង។

កាសែត Rodong Sinmun បានបង្កើនសំណើបែបនេះ នៅក្នុងបទវិចារណកថា ទំព័រមុខរបស់ខ្លួន ក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមធ្វើជាអធិបតី ក្នុងកិច្ចប្រជុំការិយាល័យនយោបាយ របស់គណបក្សពលករកូរ៉េ កាលពីថ្ងៃអាទិត្យ ដោយសង្កត់ធ្ងន់លើតួនាទី របស់ឧស្សាហកម្មគីមី ក្នុងការសម្រេចឲ្យបាន នូវការពឹងផ្អែកលើខ្លួនឯង។

កាសែតកូរ៉េខាងជើងខាងលើនេះ បាននិយាយដូច្នេះថា “ឧស្សាហកម្មគីមី គឺជាមូលដ្ឋានគ្រឹះ នៃឧស្សាហកម្ម និងជាកម្លាំងចលករដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ ហើយមានតាមរយៈ ការលើកស្ទូយឧស្សាហកម្មគីមី ដោយឥតរារែកប៉ុណ្ណោះ យើងនឹងសម្រេចបាន ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឲ្យកាន់តែប្រសើរឡើង ជីវភាពរស់នៅរបស់ប្រជាជន ទប់ទល់នឹងកត្តាខាងក្រៅនានា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top