បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១០ ខែមិថុនា បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីជំហរ មិនសប្បាយចិត្តឡើយ ចំពោះសកម្មភាព របស់កូរ៉េខាងជើងចុងក្រោយនេះ ដែលបានដកខ្លួន ចេញពីការទំនាក់ទំនង ជាប្រចាំថ្ងៃជាមួយ នឹងប្រទេសកូរ៉េខាងត្បូង។
ក្នុងនោះផងដែរ អាមេរិកក៏បានធ្វើការអំពាវនាវ ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីត្រឡប់មករកស្ថានភាពការទូត ប្រក្រតីឡើងវិញ។ អ្នកនាំពាក្យ របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហអាមេរិកតែងតែគាំទ្រ ដល់ដំណើរការនៃទំនាក់ទំនង រវាងប្រទេសកូរ៉េទាំងពីរ ប៉ុន្តែសកម្មភាពចុងក្រោយ របស់កូរ៉េខាងជើងនេះ ពិតជាបានធ្វើឲ្យអាមេរិកខកចិត្តខ្លាំងណាស់ ហើយអំពាវនាវ ឲ្យប្រទេសកុម្មុយនីសមួយនេះ ក្នុងការត្រឡប់មក ធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នៃចំណងទំនាក់ទំនង។
គួរឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃអង្គារ ខាងភាគីកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បានផ្តាច់ទំនាក់ទំនងទាំងអស់របស់ខ្លួន រវាងគ្នាដែលជាធម្មតាធ្វើឡើង ជារៀងរាល់ថ្ងៃ គឺនៅម៉ោង៩ព្រឹក និងម៉ោង៥ល្ងាច ដោយមិនបានផ្តល់ដំណឹង ជាមុនមកខ្លួនឡើយ៕
ប្រែសម្រួល៖ស៊ុនលី