បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១០ ខែមិថុនានេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី១០ នៃកិច្ចប្រជុំបែបយុទ្ធសាស្ត្រ ក្នុងកម្រិតជាន់ខ្ពស់ ប្រទេសចិន និងសហភាពអ៊ឺរ៉ុប ឬហៅកាត់ថា EUបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើនទំនាក់ទំនង ទៅលើបញ្ហាជាច្រើន ។
កិច្ចពិភាក្សា ដែលត្រូវបានធ្វើឡើង តាមរយៈតំណភ្ជាប់វីដេអូ ត្រូវបានដឹកនាំដោយក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកWang YiនិងលោកJosep Borrellតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។
លោក Wang បាននិយាយថា ដោយមានកិច្ច សហប្រតិបត្តិការ និងការមូលមតិគ្នាធំ ជាងការប្រកួតប្រជែងនិងភាពខុសគ្នាចិន និងសហភាពអឺរ៉ុប គឺជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងគ្រប់ជ្រុងជ្រោយ នៅពេលបច្ចុប្បន្ននេះ ។ លោកបានអំពាវនាវឱ្យភាគីទាំងពីរ ជំរុញទំនាក់ទំនង នៅក្នុងយុគសម័យ ក្រោយរាតត្បាតកូវីដ១៩ ដើម្បីជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ និងរៀបចំឱ្យបានល្អ សម្រាប់កិច្ចប្រជុំកំពូលចិន – អឺរ៉ុបនិងកិច្ចប្រជុំមេដឹកនាំចិន – អឺរ៉ុបនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី