កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាព នៃការផ្ដល់សេវាសុខភាព ទាំងផ្នែកសាធារណៈ និងឯកជន ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះ
នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាល
រាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាមឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០។
លោកអ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម លោកសូមធ្វើការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងរយៈពេលមួយឆ្នាំកន្លងដែលសម្រេចលទ្ធផលការងារជូនមន្ទីរសុខាភិបាលខេត្ត ប្រកបដោយភាពអត់ធ្មត់ និងសុទិដ្ឋិនិយម។ ទន្ទឹមនឹងលទ្ធផលជោគជ័យដែលសម្រេចបាននេះ ក្នុងនាមរដ្ឋបាលខេត្ត លោក ជឿជាក់ថាមន្ទីរសុខាភិបាលនឹងនៅបន្តខិតខំពុះពារអភិវឌ្ឍន៍ និងបន្តពង្រឹងគុណភាពការងារឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍នានា សំដៅកែលម្អឈានឡើងយ៉ាងពិតប្រាកដលើគ្រប់ផ្នែកជាពិសេស និងជាអាទិ៍ គឺត្រូវបន្តបង្កើនគុណភាពសេវាមន្ទីរពេទ្យ ដោយផ្អែកលើគោលការណ៍ផ្តល់សេវាប្រកប ដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបន្តថា ជាមួយគ្នានេះត្រូវអភិវឌ្ឍន៍យុទ្ធសាស្ត្រ នៃការផ្តល់សេវាសុខាភិបាលឲ្យគ្រប់ជ្រុងជ្រោយ ពោលគឺត្រូវគ្រប់គ្រងគុណភាព នៃការផ្តល់សេវាសុខាភិបាលទាំងផ្នែកសាធារណៈ និងផ្នែកសេវាឯកជនក្នុងខេត្ត ជាជំហានៗប្រកបដោយ ភាពសុទិដ្ឋិនិយម និងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយដែលនៅសេសសល់កាលពីឆ្នាំចាស់ លើកទិសដៅការងារ បន្តលើកស្ទួយសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ រួមចំណែកក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ភូមិ-ឃុំមានសុវត្ថិភាព និងប្រកបដោយភាពសុខដុមរមនា។ លើសពីនេះទៅទៀត មន្ទីរសុខាភិបាល គប្បីយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសេវាឯកជនឲ្យបានខ្ពស់ ក្នុងបំណងដើម្បីប្រែក្លាយសេវាសុខាភិបាលឯកជនទាំងកន្លែងព្យាបាលឯកជន និងសេវាកម្មឱសថឯកជនក្នុងខេត្ត ឲ្យមានដំណើរការប្រកបដោយគុណភាព ស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឱ្យធានាបានតាមគោលការណ៍ ផ្គត់ផ្គង់សេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ មិនថាយប់ឬថ្ងៃ ព្រមទាំងប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឲ្យក្លាយជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋជាពិសេសទារក កុមារ ស្ត្រីមាន ផ្ទៃពោះ និងចាស់ជរា។