បរទេស៖ មន្ត្រីមកពីគណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា រលកយុទ្ធនាការព័ត៌មានខុស ស្តីពីមេរោគកូរ៉ូណា ត្រូវបានគេផ្សព្វផ្សាយលើសហភាពអឺរ៉ុប ហើយសារមិនពិតខ្លះ គឺកំពុងតែមកពីប្រទេសចិន និងប្រទេសរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Josep Borrell ជាតំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពត៌មានមិនពិតក្នុងពេលមេរោគកូរ៉ូណា អាចនឹងសម្លាប់ យើងមានកាតព្វកិច្ច ការពារពលរដ្ឋរបស់យើង តាមរយៈការធ្វើឲ្យពួកគេ បានដឹងអំពីព័ត៌មានមិនពិត និងការធ្វើឲ្យអ្នកប្រព្រឹត្តទទួលខុសត្រូវ ចំពោះការពាក់ព័ន្ធ ក្នុងការប្រព្រឹត្តធ្វើបែបនេះ”។
ចំណែកគណៈកម្មាធិការអឺរ៉ុបបាននិយាយថា អ្នកប្រព្រឹត្តបរទេស ដែលរួមមានទាំងវិមានក្រឹមឡាំង និងប្រទេសចិននោះ កំពុងតែស្វះស្វែងធ្វើឲ្យប៉ះពាល់ ដល់កិច្ចពិភាក្សាលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងប្រតិបត្តិការដ៏មានឥទ្ធិពល និងយុទ្ធនាការព័ត៌មាន មិនពិតជុំវិញរឿងមេរោគកូរ៉ូណា នៅសហភាពអឺរ៉ុប ៕
ប្រែសម្រួល៖ ប៉ាង កុង