ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក មិនឲ្យជ្រៀតជ្រែក កិច្ចការអន្តរកូរ៉េ និងគម្រាម ចំពោះការបោះឆ្នោត

បរទេស ៖ មន្ត្រីកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានព្រមានសហរដ្ឋអាមេរិក មិនឲ្យជ្រៀតជ្រែក ក្នុងកិច្ចការអន្តរកូរ៉េ ដោយគម្រាមថា ទីក្រុងវ៉ាស៊ីនតោននឹងជួបរឿងអាក្រក់គួរខ្លាច និងបានលើកឡើងថា ការបោះឆ្នោតនាខែវិច្ឆិកា អាចនឹងជួបហានិភ័យ។

លោក Kwon Jong Gun ជាអគ្គនាយក នៃនាយកដ្ឋានទទួលបន្ទុកកិច្ចការអាមេរិក នៅក្នុងក្រសួងការបរទេស កូរ៉េខាងជើង បានថ្លែងយ៉ាងដូច្នោះ ក្រោយមន្ត្រីសហរដ្ឋអាមេរិក បានបង្ហាញនូវការខកចិត្តចំពោះការសម្រេចចិត្ត របស់ទីក្រុងព្យុងយ៉ាង ដែលកាត់ផ្តាច់ ទំនាក់ទំនងជាមួយប្រទេស កូរ៉េខាងត្បូង។

នៅក្នុងសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោក Kwon Jong Gun បានមានប្រសាសន៍ថា មន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក បានបង្កើតសេចក្តីថ្លែងការណ៍ គ្មានប្រយោជន៍បែបនេះថា លោកគាំទ្រការធ្វើឲ្យកាន់ តែប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េ ប៉ុន្តែមានការខកចិត្ត ចំពោះឥរិយាបថថ្មីៗនេះរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហើយនេះគឺពិតជារឿងដ៏ គួរឲ្យអស់សំណើច៕
ប្រែសម្រួល៖ប៉ាង កុង

To Top