ព័ត៌មានអន្តរជាតិ

ចិនជំរុញឲ្យ អូស្ត្រាលី ការពារពលរដ្ឋចិន ឲ្យមានសុវត្ថិភាព

បរទេស ៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា សេចក្តីណែនាំ របស់ខ្លួនព្រមាន និស្សិតនិងអ្នកធ្វើដំណើរ ស្តីពីហានិភ័យ ដែលពួកគេអាចនឹងជួបប្រទះ នៅក្នុងប្រទេសអូស្ត្រាលីនោះ គឺផ្អែកលើការពិត និងបានអំពាវនាវឲ្យទីក្រុងកង់បេរ៉ា ចាត់វិធានការការពារសុវត្ថិភាព ពលរដ្ឋចិននៅក្នុងប្រទេស ។

មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បានបង្កើតសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ នៅក្នុងអំឡុងសន្និសីទ កាសែតមួយ នៅពេលត្រូវគេចោទសួរ អំពីការថ្លែង របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដែលថា លោកនឹងមិនត្រូវ បានបំភិតបំភ័យ ឬក៏រងការបង្ខំពីទីក្រុងប៉េកាំង ស្របពេលមានជម្លោះទ្វេភាគីកើនកម្តៅខ្លាំងឡើង រវាងប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា ភាពតានតឹង បានកើនឡើង ឥតឈប់ឈរ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្របពេល ដែលប្រទេសអូស្ត្រាលី បានបែរទៅរកការប្រឆាំង នឹងសកម្មភាពចិន កសាងឥទ្ធិពលរបស់ខ្លួនទាំងនៅក្នុងស្រុក និងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក ហើយក្នុងពេលថ្មីៗបំផុតនេះ ទីក្រុងកងបេរ៉ា បានធ្វើឲ្យទីក្រុងប៉េកាំងខឹង ដោយដឹកនាំសំណើឲ្យមានកា រស៊ើបអង្កេតអន្តរជាតិ ចំពោះប្រភពកំណើត និងការលាក់បាំង នៃការផ្ទុះឆ្លងមេរោគកូរ៉ូណា នៅក្នុងប្រទេសចិនភាគកណ្ដាល៕ ប្រែសម្រួល៖ប៉ាង កុង

To Top