ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង ដល់ជាង១៦.០០០នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងកំណត់ត្រាថ្មី មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១.២៦១នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១៦.៦៧៥នាក់ ។

ក្រសួងបានប្រកាសឲ្យដឹងថា មនុស្សចំនួន៣១នាក់បន្ថែមទៀត បានស្លាប់ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុប កើនដល់៤៥៧នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៦.៥៦៨នាក់បានជាសះស្បើយពីជំងឺ ។

នៅក្នុងសេចក្តីព័ត៌មាន បានឲ្យដឹងទៀតថា ករណីថ្មីដែលត្រូវបានកត់ត្រា បន្ទាប់ពីការធ្វើតេស្តរកឃើញចំនួន ៩.៣៤២នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ទន្ទឹមនឹងនេះដែរ លោក Ryadh Abdul Amir ប្រធាននាយកដ្ឋានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល បានលើកឡើងក្នុងសេចក្តី ប្រកាសចុងក្រោយមួយថា ការកើនឡើងនៃការឆ្លងជំងឺ “គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ណាស់ ដែលអាចនឹងមានការឆ្លងកើនឡើង ជាបន្តបន្ទាប់នៅក្នុងប្រទេស” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top