បរទេស៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានថ្កោលទោស រិះគន់យោធាសហរដ្ឋអាមេរិក សម្រាប់ការហោះហើរយន្តហោះ របស់ខ្លួនមួយគ្រឿង លើកោះតៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិ ដោយនិយាយថា ទង្វើបែបនេះរបស់យោធាអាមេរិក បានរំលោភបំពានអធិបតេយ្យភាព របស់ប្រទេសចិន និងបានរំលោភច្បាប់អន្តរជាតិ។
ការិយាល័យទទួលបន្ទុក កិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា យន្តហោះសហរដ្ឋអាមេរិក បានធ្វើឲ្យប៉ះពាល់ ដល់អធិបតេយ្យភាព សន្តិសុខនិងសិទ្ធិអភិវឌ្ឍន៍ចិន និងបានរំលោភបំពានច្បាប់អន្តរជាតិ និងទំនៀមជាមូលដ្ឋាន នៃចំណងមិត្តភាពអន្តរជាតិ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា យន្តហោះអាមេរិក C-40A ជាយន្តហោះយោធា ប្រភេទ Boeing 737 ដោយបានទទួលការអនុញ្ញាត បានហោះហើរចូល ក្នុងដែនអាកាសតៃវ៉ាន់ ប៉ុន្តែវាមិនបានចុះចត នៅអាកាសយានដ្ឋានតៃវ៉ាន់ណាមួយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង