ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចង់ដកកងទ័ពចេញ ពីកូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្ដផ្សេងទៀត

វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូត ប្រចាំនៅអាល្លឺម៉ង់បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់នាំកងទ័ពសហរដ្ឋអាមេរិក ពីកូរ៉េខាងត្បូងជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀត ដោយសង្កត់ធ្ងន់ ទៅលើជនជាតិអាមេរិកាំងថា ហត់នឿយនឹងចំណាយច្រើនពេក សម្រាប់កិច្ចការពារប្រទេសដទៃ។

លោក Richard Grenell បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអាល្លឺម៉ង់ Bild កាលពីដើមសប្តាហ៍នេះ ខណៈដែលបានបញ្ជាក់ អំពីផែនការដកកងទ័ពអាមេរិក ចំនួន ៩.៧០០ នាក់ពីអាល្លឺម៉ង់ ដែលប្រហែល ៣០ ភាគរយ នៃកងទ័ពអាមេរិក សរុប ៣៤.៦៧៤ នាក់នៅក្នុងប្រទេសអឺរ៉ុប នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

ការនិយាយ អំពីការដកកងទ័ពនេះ បានកើតឡើងនៅពេល ដែលទីក្រុងវ៉ាស៊ីនតោន កំពុងដាក់សម្ពាធទៅលើទីក្រុងសេអ៊ូល ក្នុងការបង្កើនការចូលរួមចំណែក ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការថែរក្សាកម្លាំងទាហានអាមេរិក ដែលមានកម្លាំង ២៨.៥០០ នាក់នៅក្រោមកិច្ចព្រមព្រៀង ចែករំលែកតម្លៃទ្វេភាគីហៅថា កិច្ចព្រមព្រៀងវិធានការពិសេស (SMA) ៕ ដោយ៖ ឈូក បូរ៉ា

To Top