ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានអាមេរិក កុំខ្វល់រឿងឧបទ្វីបកូរ៉េ បើមិនចង់មានបញ្ហា ពេលបោះឆ្នោត

បរទេស៖ នៅថ្ងៃនេះប្រទេសកូរ៉េខាងជើង បានធ្វើការរិះគន់ចំៗ ទៅលើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើការស្តីបន្ទោសអំពី សម្រេចចិត្តរបស់ខ្លួន ក្នុងការកាត់ផ្តាច់បណ្តាញ ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល។

កូរ៉េខាជើងបានព្រមានទៀតថា អាមេរិកមិនគួរចូលខ្លួន មកពាក់ព័ន្ធក្នុងកិច្ចការអន្តរកូរ៉េឡើយ ប្រសិនបើខ្លួនចង់ធានា ឱ្យមានការបោះឆ្នោតប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ ប្រព្រឹត្តទៅដោយរលូននោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មាន KCNA មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសកូរ៉េខាងជើង បានបន្ទោសឥរិយាបទ របស់សហរដ្ឋអាមេរិកគួរឲ្យស្អប់ខ្ពើម។

លោក Kwon Jong-gun អគ្គនាយកនៃក្រសួង ទទួលបន្ទុកកិច្ចការងារបរទេស ជាមួយនឹងសហរដ្ឋអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោន គួរតែកុំគ្រលាស់អណ្តាតពេក និងគិតពីកិច្ចការផ្ទៃក្នុង របស់ខ្លួនជាមុនល្អជាង ហើយនឹងបើចង់ឲ្យការបោះឆ្នោត នាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន៕

ប្រែសម្រួល៖ស៊ុនលី

To Top