បរទេស៖ អ្នកនាំពាក្យជាន់ខ្ពស់ រដ្ឋាភិបាលថៃ បានប្រកាសនៅថ្ងៃសុក្រថា បម្រាមគោចរពេលយប់ នឹងបញ្ចប់នៅថ្ងៃច័ន្ទ ប៉ុន្តែការត្រួតពិនិត្យយ៉ាងតឹងរឹង នឹងបន្តអនុវត្ត ទៅលើជនអន្តោប្រវេសន៍ ពីព្រោះតែជំងឺកូវីដ១៩ ជាករណីនាំចូល មកពីប្រទេសផ្សេងទៀត។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 (CCSA) ថា បម្រាមគោចរ នឹងត្រូវដក នៅថ្ងៃទី ១៥ ខែមិថុនា ដើម្បីអនុញ្ញាត ឱ្យប្រជាជនក្នុងតំបន់ ធ្វើដំណើរបាន ពីព្រោះមិនមានករណី នៃការឆ្លងមេរោគ ឆ្លងក្នុងតំបន់មួយរយៈពេលនេះទេ។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ នឹងរក្សាការគ្រប់គ្រង លើជនអន្តោប្រវេសន៍ទាំងអស់ ដែលចូលមកតាមផ្លូវទឹក គោក និងអាកាស ពីព្រោះអ្នកជំងឺ Covid-19 ថ្មីទាំងអស់គឺជាអ្នកដែលត្រឡប់មក ពីប្រទេសដទៃទៀត។
វេជ្ជបណ្ឌិត Taweesilp បាននិយាយថា CCSA ក៏បានព្រមព្រៀង លើទិដ្ឋភាពផ្សេងទៀត នៃដំណាក់កាលទី ៤ នៃការបន្ធូរបន្ថយការរឹតត្បិត លើអាជីវកម្ម និងសកម្មភាពផ្សេងទៀត ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃច័ន្ទ៕
ប្រែសម្រួលៈ ណៃ តុលា