&បរទេស៖ ការលក់រថយន្ត នៅប្រទេសវៀតណាម បានកើនឡើង ៦២ ភាគរយ នៅក្នុងខែឧសភា បន្ទាប់ពីការធ្លាក់ចុះ ក្នុងរយៈពេល ៤ ខែដំបូង ក្នុងឆ្នាំ២០២០នេះ ដោយសារការរាតត្បាត របស់ជំងឺ Covid-19 បានធ្លាក់ចុះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ចុងក្រោយ របស់សមាគមក្រុមហ៊ុន ផលិតរថយន្តវៀតណាម (VAMA) បានឱ្យដឹងថា រថយន្តសរុបចំនួន ១៩.០៨១ គ្រឿង ត្រូវបានលក់ដាច់ នៅក្នុងខែឧសភា បើប្រៀបធៀបទៅនឹង ១១.៧៦១ គ្រឿង ក្នុងខែមេសា។
ទោះយ៉ាងណាក៏ដោយ ការលក់នៅក្នុងខែឧសភា នៅតែទាបជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្នុងចំណោមរថយន្ត ដែលលក់អស់ទាំងនោះ រួមមាន រថយន្តដឹកអ្នកដំណើរមានចំនួន ៦៨ ភាគរយ ហើយនៅសល់ គឺមានរថយន្តពាណិជ្ជកម្ម និងរថយន្តសម្រាប់គោលបំណងច្រើន។ ៤២ ភាគរយនៃរថយន្ត ដែលបានលក់ ក្នុងខែឧសភា គឺត្រូវបាននាំចូលពីបរទេស។
ក្រុមហ៊ុនផលិតក្នុងស្រុក Truong Hai (Thaco) នៅតែនាំមុខគេក្នុងទីផ្សារ ដែលមានចំនួន ៣១.៤ ភាគរយនៃការលក់ បន្ទាប់មកក្រុមហ៊ុនតូយ៉ូតា មាន ២២,៤ ភាគរយ, ហុងដា ១៤,៦ ភាគរយ និងក្រុមហ៊ុនហ្វដ ១០ ភាគរយ៕
ប្រែសម្រួលៈ ណៃ តុលា