ព័ត៌មានអន្តរជាតិ

ពលរដ្ឋប្រមាណ ជាង១០០នាក់ ត្រូវចាប់ខ្លួនក្នុងអំឡុង ពេលបង្កអំពើហិង្សា នៅក្រុងឡុងដ៏

ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋប្រមាណជាង១០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ា ស្វែងរកសិទ្ធិសេរីភាព ក្នុងក្រុងឡុងដ៏ កាលពីថ្ងៃសៅរ៍ ដែលបានបង្កជាអំពើហិង្សា និងបង្កឲ្យមន្ត្រីប៉ូលិសចំនួន៦នាក់បានរងរបួស ។ ស្នាក់ការកណ្តាលប៉ូលិស Scotland Yard បានឲ្យដឹងដូច្នេះ ។

ស្នាក់ការកណ្តាលប៉ូលិស បានបញ្ជាក់ថា នៅវេលាម៉ោង២១និង០០នាទី ត្រូវនឹងម៉ោង២០និង០០នាទីម៉ោងសកល យ៉ាងហោចណាស់ មនុស្ស១០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមទាំង អ្នកចលាចលបង្កអំពើហិង្សា បំពានមកលើមន្ត្រីប៉ូលិស អ្នកប្រើប្រាស់អាវុធ អ្នកប្រើប្រាស់ថ្នាំញៀនកម្រិតខ្ពស់ អ្នកស្រវឹង និងអ្នកបង្កចលាចល និងបង្កអសន្តិសុខ ផងដែរ ។

ក្រុមសេវាកម្ម រថយន្តសង្គ្រោះបន្ទាន់បានឲ្យដឹងថា មន្ត្រីប៉ូលិសចំនួន៦នាក់បានរងរបួស និងយ៉ាងហោចណាស់សាធារណជន ១៣នាក់បានរងរបួស ក្នុងអំឡុងពេលតវ៉ានោះ ។ មនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

លោកនាយករដ្ឋមន្ត្រី Boris Johnson បានថ្កោលទោសទៅលើអំពើហិង្សា ។ គាត់បានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “អ្នកជាតិសាសន៍និយម ដែលប្រព្រឹត្តបទល្មើស មិនត្រូវឲ្យមាននៅលើវិថីនានារបស់ យើងឡើយ ។ នរណាម្នាក់ដែលបើកការវាយ ប្រហារមកលើប៉ូលិស នឹងត្រូវដាក់ទោសយ៉ាងធ្ងន់តាមផ្លូវច្បាប់ ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top