ព័ត៌មានអន្តរជាតិ

សមាគមនេសាទវៀតណាម ថ្កោលទោសចិន ចំពោះការវាយប្រហារ មកលើអ្នកនេសាទខ្លួន និងទាមទារសំណង

បរទេស៖ សមាគមជលផល វៀតណាម បានទាមទារឱ្យប្រទេសចិន ទូទាត់សងសម្រាប់ការវាយឆ្មក់ និងការលួចប្លន់ មកលើទូកនេសាទវៀតណាម នៅក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃទី ១០ ខែមិថុនា នាវាល្បាតឆ្មាំសមុទ្រចិន និងទូកល្បឿនលឿនមួយគ្រឿង បានដេញវាយឆ្មក់ និងបំផ្លាញទូកនេសាទ ដែលជាកម្មសិទ្ធិរបស់លោក ង្វៀនឡក់ អាយុ ៤២ ឆ្នាំនៃស្រុកលីសឺន នៅខេត្តក្វាងង៉ៃ។

លោក ឡក់ ស្ថិតនៅលើទូក ហើយមាននាវិកអ្នកនេសាទ ១៥ នាក់នៅពេលដែលហេតុការណ៍នេះ បានកើតឡើងនៅក្បែរកោះ Lincoln ក្នុងប្រជុំកោះ Hoang Sa (Paracel) របស់ប្រទេសវៀតណាម។

បុគ្គលិកមកពីនាវាល្បាត ដែលមានលេខ ៤០០៦ បានវាយប្រហារអ្នកនេសាទ និងបង្ខំឱ្យពួកគេចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ។ បន្ទាប់មកពួកគេបាន ដកហូតម៉ាស៊ីនដាក់ទីតាំង GPS ចំនួន ២ គ្រឿងនិងឧបករណ៍នេសាទត្រី ខ្សែពួរ និងគ្រឿងសមុទ្រចំនួនមួយតោន បន្ទាប់ពីបំផ្លាញទូកនេសាទនោះ ។ និយាយរួម លោក ឡក់ បានខាត បង់ប្រហែល ៥០០ លានដុង (២១.៥០០ ដុល្លារ) ។

ដោយសារនាវាខូច និងឧបករណ៍ត្រូវបានចោរ លួចបាត់ នាវិកមិនអាចបន្តដំណើរ ទៅមុខទៀត ហើយបានវិលត្រឡប់មកច្រាំងវិញ នៅថ្ងៃសុក្រហើយបានរាយការណ៍ ទៅអាជ្ញាធរខេត្តកាងង៉ៃ។

នៅក្នុងលិខិតមួយ ដែលបានផ្ញើកាលពីថ្ងៃសៅរ៍ ទៅកាន់ការិយាល័យរដ្ឋាភិបាល គណៈកម្មាធិការកណ្តាល សម្រាប់ទំនាក់ទំនងខាងក្រៅ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស សង្គមនេសាទវៀតណាម បានថ្កោលទោស ចំពោះសកម្មភាព អមនុស្សធម៌របស់ចិន ដែលបានគំរាមកំហែង ដល់អាយុជីវិតនិងបង្កការខូចខាត សម្បត្តិរបស់អ្នកនេសាទ វៀតណាម ៕
ប្រែសម្រួលៈ ណៃ តុលា

To Top